កម្ពុជានាំចូលគ្រឿងស្រវឹងក្នុងទំហំទឹប្រាក់ជាង ១៨លានដុល្លារ ស្របពេលរដ្ឋពង្រឹងការលក់ និងការធ្វើអាជីវកម្មក្នុងស្រុក

ការនាំចូលស្រាបៀរ និងស្រាចំរុះនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់ជាង ១៨លានដុល្លារ ពោលគឺថយចុះ ១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ដែលក្រសួងពាណិជ្ជកម្ម ផ្ដល់ឲ្យបណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
 
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសឈប់ផ្ដល់អាជ្ញាបណ្ណផលិតស្រាបៀរនៅក្នុងស្រុក កាត់បន្ថយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ហើយនៅថ្ងៃទី ០១ ​ខែ​តុលា ​ឆ្នាំ២០២៦ ឈានដល់ការហាមឃាត់ទាំងស្រុងនូវការផ្ដល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ។
 
បន្ថែមលើនេះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា និងសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ក្នុងការលើកកម្ពស់ស្តង់ដារនៃការលក់រាយប្រកបដោយការទទួលខុសត្រូវ។
 
កិច្ចសហការនេះ នឹងគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តលក់រាយប្រកបដោយទំនួលខុសត្រូវ ដែលឆ្លើយតបទៅនឹងបរិបទនៃការលក់រាយនៅកម្ពុជា ស្របតាមការអនុវត្តល្អៗលំដាប់ថ្នាក់អន្តរជាតិ ព្រមទាំងលើកទឹកចិត្តដល់អាជីវករក្នុងវិស័យលក់រាយ ឱ្យចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដែលមានផលប៉ះពាល់ច្រើន។
 
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចាត់ទុក គំនិតផ្តួចផ្តើមនេះថាស្របនឹងទិសដៅរបស់កម្ពុជា ក្នុងការកសាងទីផ្សារប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារអ្នកប្រើប្រាស់ និងធានាបានការប្រកួតប្រជែងដោយស្មើភាព។
 
លោកជំទាវក៏បានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មចំពោះកិច្ចសហការនេះ និងការបន្តកិច្ចសន្ទនាជាមួយវិស័យឯកជន ដើម្បីធានាថា សកម្មភាពអាជីវកម្មរបស់ពួកគេអនុវត្តស្របតាមបទប្បញ្ញត្តិ និងគោលនយោបាយជាតិ។
 
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពអ្នកលក់រាយប្រកបដោយការទទួលខុសត្រូវ ឈរលើគោលការណ៍នៃកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងកសាងទីផ្សារ ដែលមានការប្រកួតប្រជែងដោយស្មើភាព៕

ខន ណារី AMS

ads banner