រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ទោះបីប្រទេសជិតខាងខិតខំបំភ្លៃការពិត ដើម្បីដណ្តើមយកវប្បធម៌ប្រពៃណីដូនតាខ្មែរក៏ដោយ ក៏ពួកគេធ្វើមិនបានឡើយ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ទោះបីប្រទេសជិតខាង និងក្រុមជាតិនិយមជ្រុលមួយចំនួនខិតខំបំភ្លៃការពិត ដើម្បីដណ្តើមយកវប្បធម៌ប្រពៃណីដូនតាខ្មែរក៏ដោយ ក៏ពួកគេធ្វើមិនបានឡើយ។ ទោះបីយ៉ាងណា ក្រសួងបានណែនាំដល់អ្នកសម្អាងការត្រូវចេះរក្សាទម្រង់ប្រពៃណីខ្មែរ និងកុំច្នៃប្រឌិតជ្រុលហួសហេតុរហូតដល់បាត់បង់អត្តសញ្ញាណវប្បធម៌ខ្មែរ ជាពិសេសពាក់ព័ន្ធនឹងការកែច្នៃ និងប្រើប្រាស់ស្បៃ។
ប្រជាពលដ្ឋ ដែលមានអាជីពក្នុងវិស័យវប្បធម៌ ដូចជាសិល្បករ និងអ្នកសម្អាងការ មិនមែនត្រឹមតែប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកប្រកបអាជីពដ៏មានកិត្តិយស ជា «ទូតវប្បធម៌» និងជា «ឆ្មាំការពារកេរដំណែលដូនតា»។ ដូច្នេះ អ្នកប្រកបមុខរបរនេះត្រូវចេះការពារតម្លៃវប្បធម៌ និងត្រូវយល់ដឹងពីប្រវត្តិសាស្ត្រឱ្យបានច្បាស់លាស់។
នេះជាការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងសិក្ខាសាលាតម្រង់ទិស «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តការក្រសួង។ លោកជំទាវបានណែនាំថា អ្នកសម្អាងការមិនត្រូវច្នៃប្រឌិតខុសឆ្គង រហូតធ្វើឱ្យគេមើលឃើញថាជាការចម្លងពីគេ ដែលនាំឱ្យបាត់បង់ទម្រង់ដើមរបស់ខ្មែរនោះឡើយ។ ការច្នៃប្រឌិតត្រូវតែឈរលើមូលដ្ឋានទម្រង់ខ្មែរបុរាណ និងអត្តសញ្ញាណរបស់ខ្មែរ។
លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្បៃខ្មែរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងឈុតប្រពៃណីជាតិ ពិធីមង្គលការ ដូចជាពិធីព្រះថោងតោងស្បៃ និងការសម្តែងសិល្បៈបុរាណផ្សេងៗ។ អាពាហ៍ពិពាហ៍ និងសម្លៀកបំពាក់បុរាណខ្មែរ គឺជាដួងព្រលឹង ជាដង្ហើម និងជាអរិយធម៌ដ៏ចំណាស់របស់ជាតិ ដែលបានឆ្លងកាត់ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ ទោះបីជាបណ្តាប្រទេសផ្សេងទៀតមានពិធីរៀបការដូចគ្នាក៏ដោយ ប៉ុន្តែខ្មែរយើងមានលក្ខណៈពិសេសមួយផ្ទាល់ខ្លួន គឺទំនៀមទម្លាប់ឱ្យខាងកូនកម្លោះតោងស្បៃកូនក្រមុំ ដែលជាការផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះស្ត្រី។
ការសិក្សាស្រាវជ្រាវបានបង្ហាញថា សម្លៀកបំពាក់ប្រពៃណីខ្មែរមានការវិវត្តជាច្រើនសតវត្សរ៍ ហើយ «ស្បៃ» គឺជាផ្នែកមួយនៃសម្លៀកបំពាក់នេះ និងជាបេតិកភណ្ឌវប្បធម៌ដែលមានឫសគល់ជាប់ទាក់ទងនឹងអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន ហើយបានបន្តប្រើប្រាស់ពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ន។
ពាក់ព័ន្ធនឹងមរតកវប្បធម៌ដ៏រុងរឿងនេះ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជាប្រទេសជិតខាង ឬក្រុមជ្រុលនិយមមួយចំនួនបានខិតខំបំភ្លៃការពិត និងប៉ុនប៉ងដណ្តើមយកវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរក៏ដោយ ក៏ពួកគេមិនអាចធ្វើបានឡើយ។
លោកជំទាវបានសំណូមពរដល់អ្នកដែលមានចំណេះដឹង និងស្ទាត់ជំនាញខាងប្រពៃណីអាពាហ៍ពិពាហ៍នេះ សូមកុំលាក់លៀមក្នុងការចែករំលែក និងផ្តល់ចំណេះដឹងឱ្យបានគ្រប់គ្រាន់ដល់អ្នកជំនាន់ក្រោយបន្តទៀត ដើម្បីរួមគ្នាថែរក្សាវប្បធម៌ប្រពៃណីជាតិ។
ជាមួយគ្នានេះផងដែរ លោកជំទាវអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចេះរួបរួមគ្នាថែរក្សា ការពារ និងប្រឆាំងរាល់ការបៀតបៀនគ្រប់រូបភាព ដោយបញ្ជាក់ថា ប្រវត្តិសាស្ត្រខ្មែរមិនមែនរស់នៅត្រឹមតែលើសៀវភៅ ឬលើថ្មប្រាសាទនោះទេ ប៉ុន្តែគឺរស់នៅលើប្រជាពលរដ្ឋ ការចងចាំ ការអនុវត្តផ្ទាល់ និងស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប៕






អត្ថបទដោយ៖ ម៉ាដេប៉ូ
រូបភាព៖ លោក ផន ពិសិដ្ឋ