អ្នកជំនាញសេដ្ឋកិច្ច៖ កំណើន ៣.៥% មិនមែនមានន័យថាសេដ្ឋកិច្ចកម្ពុជាដើរថយក្រោយឡើយ
របាយការណ៍ថ្មីចុងក្រោយរបស់ធនាគារពិភពលោក (World Bank) ដែលបានចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ថានឹងមានកំណើន ៣.៥ភាគរយ សម្រាប់ឆ្នាំនេះ និង ៤.២ភាគរយ នៅឆ្នាំ២០២៧។ ធនាគារពិភពលោកបានបន្ទាបអត្រាកំណើនបន្តិចបន្តួចបើធៀបនឹងការព្យាករ ៣.៩ភាគរយ ធ្វើឡើងដោយស្ថាប័នដដែលកាលពីខែមិថុនា។

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បញ្ញាក់ថា លោកនៅតែមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា បើធៀបនឹងកំណើនសេដ្ឋកិច្ចពិភពលោក ដែលមានត្រឹមតែក្នុងរង្វង់ ១.២ភាគរយប៉ុណ្ណោះ។ សម្រាប់លោកបណ្ឌិត កំណើនដែលព្យាករថានឹងថយចុះខ្លះនេះ មិនមែនមានន័យថា សេដ្ឋកិច្ចកម្ពុជាដើរថយក្រោយនោះឡើយ។
លោកបានពន្យល់ថា ទោះបីកម្ពុជាកំពុងប្រឈមជាមួយបញ្ហាធំៗ ដូចជាវិបត្តិសាកល បញ្ហាប្រេងឥន្ធនៈឡើងថ្លៃ ជម្លោះព្រំដែនជាមួយថៃ និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញក៏ដោយ ក៏កម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៣.៥ភាគរយ ដែលមានន័យថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពវិជ្ជមាន។
បើតាមលោកបណ្ឌិត ៖«ការព្យាករកំណើនសេដ្ឋកិច្ច ៣.៥%នេះ មិនមែនមានន័យថាសេដ្ឋកិច្ចយើងដើរថយក្រោយទេ គ្រាន់តែយើងមានកំណើនយឺតជាងមុន។ សេដ្ឋកិច្ចកម្ពុជាយើងទោះមានអត្រាកំណើនថយពី ៤.៥%មកនៅត្រឹម ៣.៥% ក៏សេដ្ឋកិច្ចយើងនៅមានកំណើនដែរ»។
យោងតាមការព្យាកររបស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃសម្រាប់ឆ្នាំ២០២៦នេះ មានកំណើនត្រឹម ២ភាគរយប៉ុណ្ណោះ ស្របពេលដែលវៀតណាម មានកំណើនខ្ពស់រហូត ៧.៤ភាគរយ។ ចំណែក សេដ្ឋកិច្ចម៉ាឡេស៊ីវិញ អាចមានកំណើន ៥.១ភាគរយ។
ដោយឡែក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកវិញ ធនាគារពិភពលោកព្យាករថា នឹងមានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៤.៥ភាគរយ នៅឆ្នាំ២០២៦ ដែលបង្ហាញពីភាពធន់នៅចំពោះមុខបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតមាននៅលើពិភពលោក។
សូមជម្រាបផងដែរថា នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៦ ពី ៤.១ភាគរយ មកត្រឹម ៣.៩ភាគរយ។ ខណៈក្រសួងសេដ្ឋកិច្ចព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាននូវអត្រាកំណើន ៤.២ភាគរយ នៅក្នុងឆ្នាំ២០២៦ គឺទាបជាងការព្យាករ៥%កាលពីពេលមុន៕

ខន ណារី AMS