កាកបាទក្រហមកម្ពុជាជូនអំណោយមនុស្សធម៌ជូននិវត្តន៍ជន និងសិល្បករចាស់ព្រឹទ្ធាចារ្យ ២៥១នាក់ ក្នុងរដូវកាលភ្ជុំបិណ្ឌ
ភ្នំពេញ៖ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា ទិវាមនុស្សចាស់អន្តរជាតិ ១ តុលា និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកាលពីព្រឹកថ្ងៃទី៨ ខែតុលា កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងជូនអំណោយមនុស្សធម៌ ជូនដល់និវត្តន៍ជនជាសិល្បករ សិប្បករ និងអ្នកវិជ្ជាជីវៈលើវិស័យវប្បធម៌ចំនួន ២៥១នាក់ មកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។
កម្មវិធីនេះបានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ចាស់ព្រឹទ្ធាចារ្យ និងអ្នកមានគុណូបការៈចំពោះជាតិ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការលោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវកតញ្ញូតាធម៌ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តមបានគូសបញ្ជាក់ថា ព្រឹទ្ធាចារ្យសិល្បករទាំងអស់គឺជា «មរតកមនុស្សរស់» ជាឃ្លាំងចំណេះដឹង និងជាស្ពានភ្ជាប់អតីតកាល មកបច្ចុប្បន្ន និងអនាគត ដែលបានលះបង់ពេញមួយជីវិត បន្សល់ទុកនូវបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។
ក្នុងប្រសាសន៍សំណេះសំណាល លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងការសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីទាំងមូល។ ជាមួយគ្នានេះ លោកជំទាវក៏បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនសិល្បករឱ្យយកចិត្តទុកដាក់លើសុខភាព ដោយអនុវត្តការហូបស្អាត ផឹកស្អាត និងកាត់បន្ថយការបរិភោគផ្អែម ប្រៃ ឬខ្លាញ់ជ្រុល ដើម្បីជៀសវាងជំងឺមិនឆ្លងផ្សេងៗ។
តំណាងនិវត្តន៍ជន និងសិល្បករទាំងអស់ ក៏បានសម្តែងនូវក្តីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងមិនដែលបោះបង់ចោលសិល្បករចាស់ៗឡើយ។
សូមជម្រាបថាអំណោយដែលបានចែកជូនមាន អង្ករ, មី , ត្រីខ , ទឹកត្រី, ទឹកស៊ីអ៊ីវ , ទឹកបរិសុទ្ធ , ភេសជ្ជៈ , សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន និងថវិកាលើកទឹកចិត្តមួយចំនួន៕
ដោយ៖គ្រី សម្បត្តិ







