អាល្លឺម៉ង់ ដកខ្លួនពីគម្រោងអភិវឌ្ឍរថក្រោះចម្បាំងជំនាន់ថ្មីរួមគ្នាជាមួយ បារាំង
ប៊ែរឡាំង ៖ អាល្លឺម៉ង់បានសម្រេចចិត្តដកខ្លួនចេញពីគម្រោងអភិវឌ្ឍរថក្រោះចម្បាំងជំនាន់ថ្មីជាមួយបារាំង ដែលមានឈ្មោះថា ប្រព័ន្ធប្រយុទ្ធលើដីជំនាន់ថ្មី ហៅកាត់ MGCS ។ នេះបើតាមអះអាងរបស់លោកឧត្តមសេនីយ៍ Fabien Mandon អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធបារាំង កាលពីថ្ងៃ ព្រហស្បតិ៍ ។
បើតាម Anadolu, គម្រោង MGCS ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ក្នុងគោលបំណងបង្កើតប្រព័ន្ធប្រយុទ្ធនៅលើដីគោកជំនាន់ថ្មី ដែលមានរថក្រោះចម្បាំងជាសមាសធាតុស្នូល ដើម្បីជំនួសរថក្រោះ Leclerc របស់បារាំង និងរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ ។
គម្រោងនេះ ត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់មួយនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសសមាជិកអង្គការណាតូទាំងពីរ ។
ប៉ុន្តែផែនការនេះ បានប្រឈមមុខនឹងការពន្យារពេល ក៏ដូចជាការខ្វែងគំនិតគ្នាជាច្រើន ទាក់ទងនឹងការបែងចែកការងាររវាងក្រុមហ៊ុនឧស្សាហកម្ម ការផ្ដល់ហិរញ្ញប្បទាន និងជម្រើសបច្ចេកវិទ្យា ។
ដោយសារបញ្ហាទាំងនេះ កាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រយុទ្ធថ្មី ត្រូវបានពន្យារទៅដល់ឆ្នាំ ២០៤០ ឬឆ្នាំ ២០៤៥ខាងមុខ ។
យ៉ាងណា លោកឧត្តមសេនីយ៍ Mandon បានប្រាប់រដ្ឋសភាបារាំងថា ទោះបីគម្រោងនេះបែកបាក់ក៏ដោយ បារាំងនៅតែត្រូវការសមត្ថភាពប្រយុទ្ធធុនធ្ងន់ ហើយអំណាចបាញ់ប្រហាររបស់រថក្រោះចម្បាំងនៅតែមានសារៈសំខាន់សម្រាប់ប្រតិបត្តិការយោធា ។
បើតាមសម្តីរបស់លោកឧត្តមសេនីយ៍ Mandon, បារាំងនឹងចាប់ផ្ដើមដករថក្រោះចម្បាំង Leclerc ចេញពីការប្រើប្រាស់ជាបណ្ដើរៗចាប់ពីឆ្នាំ ២០៣៨ ។
ហើយបារាំងក៏នឹងចាប់ផ្ដើមសិក្សាពីឆ្នាំ ២០២៧ ដើម្បីស្វែងរករថក្រោះចម្បាំងជំនាន់ថ្មីជំនួស ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជើងគោកផងដែរ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា