វត្ថុបុរាណខ្មែរជាង ២ពាន់ត្រូវបានប្រទេសចំនួន១៧បញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល១០ឆ្នាំ
គិតចាប់ពីឆ្នាំ១៩៩៦ រហូតមកដល់ដើមខែ តុលាឆ្នាំ២០២៦នេះ វត្ថុសិល្បៈខ្មែរសរុបចំនួន ២ ៤៣៣ ត្រូវបានបញ្ជូនត្រឡប់ពីបរទេសមកកម្ពុជាវិញ តាមរយៈរូបភាពផ្សេងៗគ្នា ដូចជាការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងការប្ដឹងតាមផ្លូវតុលាការ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ បានផ្ដល់ជូនបណ្ដាញព័ត៌មាន AMS។
របាយការណ៍បញ្ជាក់ថា ប្រទេសសរុបចំនួន ១៧ បានប្រគល់វត្ថុសិល្បៈខ្មែរទាំងនោះត្រឡប់មកកម្ពុជាវិញ តាមរយៈកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ។ ប្រទេសទាំងនោះមានដូចជា ៖ អូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ដាណាម៉ាក បារាំង អាឡឺម៉ង់ ហុងហ្គារី ឥណ្ឌូណេស៊ី ជប៉ុន ហូឡង់ ណ័រវ៉េ សឹង្ហបុរី ស្វីស ថៃ កូរ៉េខាងត្បូង និងចិន (តៃវ៉ាន់)។
ក្នុងចំណោមវត្ថុបុរាណទាំងអស់ខាងលើនេះ មានវត្ថុសិល្បៈខ្មែរចំនួន ៩១២ បានប្រគល់ត្រឡប់មកវិញពីសហរដ្ឋអាមេរិក។ វត្ថុបុរាណទាំងនេះភាគច្រើនជាបដិមា ដែលពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងសក្ការៈសម្រាប់ប្រើប្រាស់ក្នុងពិធីសាសនា គ្រឿងបង្គុំស្ថាបត្យកម្មបុរាណ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ផ្សេងៗ ដែលមានកាលបរិច្ឆេទតាំងពីសម័យបុរេប្រវត្តិសាស្ត្រ សម័យមុនអង្គរ រហូតដល់សម័យក្រោយអង្គរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងនៃសម្បត្តិវប្បធម៌ខ្មែរដែលត្រូវបានលួចយកចេញពីកម្ពុជាដោយខុសច្បាប់ និងដំណើរការទាមទារ ដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ តាមមធ្យោបាយចរចា ដំណើរការផ្លូវទូត រដ្ឋបាល ឬតុលាការក្នុងករណីចាំបាច់ ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ទាំងនោះ ត្រឡប់មកមាតុភូមិកំណើតវិញ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងកំពុងរៀបចំបែបបទនីតិវិធីបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរមួយចំនួនពីសហរដ្ឋអាមេរិក និងមួយចំនួនទៀតពីបណ្តាប្រទេសនៅអឺរ៉ុប ក្នុងនោះមានបារាំង ស្វីស និងអាល្លឺម៉ង់ ដែលទទួលពីការប្រគល់ដោយស្ម័គ្រចិត្ត និងការចរចាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចនៃប្រទេសទាំងនោះផងដែរ៕






សេង បារាំង AMS