នគរបាលបំបែកសំណុំរឿងព្រហ្មទណ្ឌជាង ២០០ករណី និងឃាត់ខ្លួនមនុស្សជាង ៣០០នាក់ ក្នុងខែកញ្ញា
ភ្នំពេញ៖ក្នុងរយៈពេលពេញមួយខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌយ៉ាងសកម្ម ដោយទប់ស្កាត់ បង្ក្រាបទាន់ពេល និងបំបែកសំណុំរឿងបានរហូតដល់ ២០៥ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យសរុប ៣១៥នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលមួយខែនោះ រួមមានបទល្មើសហិង្សា ឆបោក លួច ឆក់ ប្លន់ រំលោភសេពសន្ថវៈ ឃាតកម្ម ការប្រើប្រាស់អាវុធខុសច្បាប់ និងមនុស្សឃាតអចេតនា។ ក្នុងនោះបទល្មើសដែលកើតឡើង ហើយសមត្ថកិច្ចបង្ក្រាបបានច្រើនជាងគេ គឺបទល្មើសលួចចំនួន ៩១ករណី និងបទល្មើសហិង្សាចំនួន ៦៤ករណី។
ប្រភពដដែលបានបន្ថែមថា បទល្មើសទាំងនេះបានកើតឡើងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ២០ទៀត រួមមាន ខេត្តសៀមរាប ស្វាយរៀង ត្បូងឃ្មុំ តាកែវ ពោធិ៍សាត់ ព្រះវិហារ កណ្ដាល ក្រចេះ មណ្ឌលគិរី ព្រះសីហនុ ឧត្តរមានជ័យ កំពត ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង ព្រៃវែង បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពង់ធំ។
ចំពោះទោសទណ្ឌនៃបទល្មើសនីមួយៗ ផ្អែកតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ បានកំណត់យ៉ាងច្បាស់លាស់។ បទហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល ហើយក្នុងករណីប្រព្រឹត្តដោយគិតទុកជាមុន ប្រើប្រាស់អាវុធ គំរាមកំហែងនឹងអាវុធ ឬមានមនុស្សច្រើននាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល។
ចំពោះបទល្មើសលួច តាមមាត្រា៣៥៦ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល។ ប្រសិនបើជាបទលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សាមុនពេល ក្នុងពេល ឬក្រោយពេលធ្វើសកម្មភាព ឬដោយការកាប់គាស់ទម្លុះទម្លាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ ១០ឆ្នាំ ទៅតាមកម្រិតនៃស្ថានទម្ងន់ទោស។
ដោយឡែក បទឆបោក តាមមាត្រា៣៧៨ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល។ ករណីប្រព្រឹត្តដោយមន្ត្រីរាជការ តាំងខ្លួនជាមន្ត្រីរាជការ មានការចាត់តាំងជាក្រុម ឬអំពាវនាវដល់សាធារណជនដើម្បីអង្គាសមូលនិធិជំនួយមនុស្សធម៌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ។
សម្រាប់បទឃាតកម្ម តាមមាត្រា១៩៩ អំពើសម្លាប់មនុស្សដោយចេតនាដោយប្រើអាវុធ ឬមិនប្រើអាវុធ និងគ្មានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។ ប៉ុន្តែប្រសិនរឿងក្តីនេះជាឃាតកម្មប្រព្រឹត្តឡើងដោយគិតទុកជាមុន ឬមានការពួនស្ទាក់ ជនល្មើសនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕
ដោយ៖ទួន សុផល



