កុមារកម្ពុជា១,៣លាននាក់អាចប្រឈមនឹងហានិភ័យអាកាសធាតុក្តៅ ដោយសារបាតុភូតអែលនីញ៉ូ
អង្គការយូនីសេហ្វប្រចាំនៅកម្ពុជាបានព្រមានថា កុមារកម្ពុជាប្រមាណ ១,៣លាននាក់ អាចប្រឈមនឹងផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូ ដែលត្រូវបានព្យាករណ៍ថា អាចបង្កឱ្យមានការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ នៅរដូវប្រាំងខាងមុខនេះ។
បាតុភូតអែលនីញ៉ូ គឺជាបាតុភូតអាកាសធាតុធម្មជាតិ ដែលកើតឡើងនៅពេលសីតុណ្ហភាពផ្ទៃទឹកសមុទ្រប៉ាស៊ីហ្វិកកើនឡើងខ្ពស់ជាងធម្មតា។ បាតុភូតនេះអាចធ្វើឱ្យរបបទឹកភ្លៀង និងសីតុណ្ហភាពប្រែប្រួល ដោយតំបន់ខ្លះប្រឈមនឹងគ្រោះរាំងស្ងួត និងកម្ដៅខ្លាំង ខណៈតំបន់ផ្សេងទៀតអាចជួបប្រទះភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់។
ការប្រែប្រួលអាកាសធាតុទាំងនេះ អាចបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើកសិកម្ម ព្រមទាំងប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស កុមារអាចជួបការលំបាកក្នុងការទទួលបានសេវាសុខាភិបាល ការអប់រំ និងសេវាចាំបាច់ផ្សេងៗ។
យោងតាមការប៉ាន់ប្រមាណ កុមារជាង ៣៤៧លាននាក់ នៅក្នុងប្រទេសជិត ១០០ជុំវិញពិភពលោក អាចប្រឈមនឹងស្ថានភាពអាកាសធាតុស្ងួត ឬសើមខុសពីធម្មតា ក្នុងនោះ កុមារកម្ពុជាប្រមាណ ១,៣លាននាក់ ក៏ស្ថិតក្នុងចំណោមកុមារដែលអាចរងផលប៉ះពាល់ផងដែរ។
ក្រៅពីនេះ សាលារៀនចំនួន ៣ ៨៧២ខ្នង និងមណ្ឌលសុខភាពចំនួន ៤០១កន្លែង នៅកម្ពុជា ក៏កំពុងស្ថិតក្នុងហានិភ័យពីគ្រោះធម្មជាតិ រួមមាន គ្រោះរាំងស្ងួតធ្ងន់ធ្ងរ ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត។ ចំនួននេះស្មើនឹងប្រមាណមួយភាគបីនៃសាលារៀន និងមណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងរដូវប្រាំងដែលខិតមកដល់នៅខែវិច្ឆិកាខាងមុខនេះ ក្រសួងធនធានទឹកបានអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ទឹកឱ្យបានសន្សំសំចៃ ដើម្បីធានាទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើកសិកម្ម ជាពិសេសនៅតំបន់ដែលអាចខ្វះខាតទឹក។
ចំពោះកសិករ គួររៀបចំផែនការដាំដុះឱ្យសមស្របតាមប្រភពទឹកដែលមានស្រាប់ ដើម្បីកាត់បន្ថយការខូចខាតដំណាំ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅខ្លាំង ដោយទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងយកចិត្តទុកដាក់ចំពោះកុមារ មនុស្សចាស់ និងអ្នកធ្វើការក្រោមកម្ដៅថ្ងៃ។
រីឯអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពអាកាសធាតុ និងត្រៀមវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះរាំងស្ងួត ឬកម្ដៅខ្លាំងកើតឡើង៕
សៅ សុខអេង