ជប៉ុនជំរុញឱ្យ រុស្ស៊ី ផ្តល់យុត្តិធម៌ ចំពោះអ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួន
តូក្យូ ៖ ទីក្រុងតូក្យូបាននិយាយ នៅថ្ងៃពុធនេះថា ខ្លួនបានជំរុញឱ្យទីក្រុងមូស្គូធានានូវ «ការប្រព្រឹត្តដោយយុត្តិធម៌ និង មិនលំអៀង» ចំពោះអ្នកសារព័ត៌មានជប៉ុនម្នាក់ ដែលត្រូវបានរុស្ស៊ីចាប់ខ្លួន ដោយសង្ស័យថា បានធ្វើចារកម្ម។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់អត្តសញ្ញាណអ្នកសារព័ត៌មានរូបនោះ កាលពីថ្ងៃអង្គារថា ជាលោក Yuki Imai មកពីកាសែត Hokkaido Shimbun។ បើតាមទីភ្នាក់ងារសន្តិសុខ FSB , អ្នកសារព័ត៌មានរូបនេះ ត្រូវបានចាប់ខ្លួន នៅលើកោះ Sakhalin ក្នុងតំបន់ចុងបូព៌ា។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានមានប្រសាសន៍ថា «ស្ថានទូតជប៉ុន… ប្រចាំទីក្រុងមូស្គូ និងស្ថានកុងស៊ុលទូទៅប្រចាំទីក្រុង Yuzhno-Sakhalinsk បានដាក់សំណើទៅកាន់អាជ្ញាធររុស្ស៊ី ដើម្បីស្នើសុំការផ្តល់ព័ត៌មានជាបន្ទាន់ ក៏ដូចជា ការគិតគូរពីទិដ្ឋភាពមនុស្សធម៌ និងការប្រព្រឹត្តដោយយុត្តិធម៌ និងមិនលំអៀង»។
កាសែត Hokkaido Shimbun បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលដំណឹងអំពីការប្រកាសរបស់អាជ្ញាធររុស្ស៊ី ប៉ុន្តែ «កំពុងបន្តផ្ទៀងផ្ទាត់ព័ត៌មានលម្អិត»។
កាសែតនេះបាននិយាយថា «ការធានាសុវត្ថិភាពរបស់អ្នកសារព័ត៌មានគឺជាអាទិភាពចម្បងរបស់យើង ហើយយើងកំពុងចាត់វិធានការឆ្លើយតបទៅតាមនោះ»។
ទីភ្នាក់ងារព័ត៌មាន TASS និង RIA Novosti បានរាយការណ៍ ដោយដកស្រង់សម្តីរបស់ FSB ថា ទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB បានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងជនជាតិជប៉ុនម្នាក់ ហើយបុគ្គលរូបនោះត្រូវបានឃុំខ្លួនបណ្តោះអាសន្ន រង់ចាំការកាត់ទោស។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា រូបគេនឹងត្រូវឃុំខ្លួន រហូតដល់ថ្ងៃទី ១២ ខែធ្នូ។ បទចោទប្រកាន់នេះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំ ថ្មីៗនេះ រុស្ស៊ីបានចាប់ខ្លួនពលរដ្ឋបរទេសជាច្រើននាក់ ដែលខ្លួនចាត់ទុកថា ជាប្រទេស «គ្មានមិត្តភាព» ដោយចោទប្រកាន់ពួកគេថា បានធ្វើការឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់លោកខាងលិច។
នៅឆ្នាំ២០២៣, អ្នកកាសែតអាមេរិក លោក Evan Gershkovich ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ពីបទចារកម្ម ហើយក្រោយមក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៦ ឆ្នាំ មុនពេលត្រូវបានដោះលែង នៅក្នុងការផ្លាស់ប្តូរអ្នកទោស កាលពីឆ្នាំ ២០២៤៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត