ក្រសួងសុខាភិបាលណែនាំពលរដ្ឋឲ្យប្រុងប្រយ័ត្ន ក្រោយការរីករាលដាលជំងឺផ្ដាសាយ

ក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីការឆ្លងជំងឺផ្ដាសាយ ក្រោយរកឃើញថាជំងឺនេះមានអ្នកឆ្លងកើនឡើង ជាពិសេសកុមារតូចៗ មនុស្សចាស់ជរា ស្រ្តីមានផ្ទៃពោះ និងអ្នកមានភាពសុំាចុះខ្សោយងាយឆ្លងជាងគេ។
 
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការបង្ការសំខាន់ៗមួយចំនួនដូចជា ប្រកាន់ខ្ជាប់អនាម័យដៃ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលប៉ះពាល់សម្ភារៈសាធារណៈ។
 
ជាងនេះទៅទៀត ប្រជាពលរដ្ឋត្រូវរក្សាអនាម័យផ្លូវដង្ហើម ដោយខ្ទប់មាត់និងច្រមុះ ពាក់ម៉ាស់ ប្រើកន្សែងដៃ ប្រើផ្នត់កែងដៃ ឬក្រដាសអនាម័យនៅពេលក្អក ឬកណ្តាស់ រួចបោះចោលក្រដាសក្នុងធុងសំរាមបិទជិតឱ្យបានត្រឹមត្រូវ និងមិនត្រូវខាកស្តោះពាសវាលពាសកាលឡើយ។ ម្យ៉ាងទៀត ត្រូវពាក់ម៉ាស់ការពារនៅពេលស្ថិតក្នុងទីប្រជុំជន កន្លែងបិទជិត ឬនៅពេលមានរោគសញ្ញាផ្លូវដង្ហើមដូចជា ក្អក ហូរសំបោរ ឬកណ្តាស់ជាដើម ដើម្បីចៀសវាងការចម្លងដល់អ្នក​ដទៃ។
 
ក្រសួងក៏បានណែនាំឲ្យរក្សាគម្លាតសុវត្ថិភាព ដោយចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានរោគសញ្ញាផ្តាសាយ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន គួរសម្រាកនៅផ្ទះ និងទទួលទានទឹកស្អាតឱ្យបានច្រើន ទទួលទានចំណី អាហារចម្អិនឆ្អិនល្អ និងមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងហាត់ប្រាណជាប្រចាំ ដើម្បីឱ្យជំងឺឆាប់ជាសះស្បើយ។
 
ក្រៅពីនេះ ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋចៀសវាងការជួបជុំ ឬការធ្វើដំណើរប្រសិន​បើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ហើយត្រូវទៅពិគ្រោះយោបល់ ឬពិនិត្យព្យាបាលជំងឺ​ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរសព្ទមកកាន់លេខ ១១៥ ដើម្បីទទួលបានការណែនាំ។
 
សម្រាប់ក្រុមមនុស្សងាយរងគ្រោះឆ្លងជំងឺផ្ដាសាយវិញ ក្រសួងណែនាំឲ្យពិចារណាទទួលការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយតាមការណែនាំរបស់គ្រូពេទ្យជំនាញ៕

សេង បារាំង

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner