ក្រសួងការងារ និង EU ចាប់ដៃគ្នាបង្កើតកម្មវិធី NTTI BizConnect 2026 តភ្ជាប់យុវជនរៀនជំនាញ TVET ទៅកាន់ទីផ្សារការងារ
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពអឺរ៉ុប (EU) បានរៀបចំកម្មវិធី «NTTI BizConnect Cambodia 2026» ឡើង ក្នុងគោលបំណងតភ្ជាប់គម្លាតរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាមួយនឹងវិស័យឯកជន។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីធានាថា យុវជនទទួលបានជំនាញពិតប្រាកដ ស្របតាមបរិបទអន្តរកាលបៃតង និងឌីជីថល។
កាលព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ កម្មវិធី «NTTI BizConnect Cambodia 2026» ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដម អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ វិស័យឯកជន និងសិស្ស-និស្សិតជាង ៣០០នាក់។
កម្ពុជាគឺជាប្រទេសទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសទីម័រខាងកើត ដែលបានរៀបចំវេទិកាដ៏សំខាន់នេះឡើង ក្រោមគម្រោងកញ្ចប់ការតភ្ជាប់ប្រកបដោយចីរភាពសហភាពអឺរ៉ុប-អាស៊ាន (SCOPE-HE)។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍកម្លាំងពលកម្មមានជំនាញ និងផលិតភាពខ្ពស់។ ការធ្វើទំនើបកម្មកម្មវិធីសិក្សា TVET និងការបង្កើតដៃគូជាមួយវិស័យឯកជន គឺជាចំណុចស្នូលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យឆ្លើយតបទៅនឹងអន្តរកាលបៃតង និងបរិវត្តកម្មឌីជីថល។
ឯកឧត្តម ហេង សួរ បញ្ជាក់ថា កម្មវិធីនេះ ក៏ជាការបន្តការតភ្ជាប់សិស្ស-និសិ្សត TVET ជាមួយនឹងវិស័យឯកជន ជាពិសេសការបំពេញចន្លោះប្រហោងកម្លាំងពលកម្មជំនាញ និងគុណវុឌ្ឍិស្របតាមតម្រូវការរបស់ឧស្សាហកម្ម និងឆ្លើយតបនឹងបរិបទសកល គឺអន្តរកាលបៃតង និងបរិវត្តកម្មឌីជីថល។
ជាមួយគ្នានេះ ឯកឧត្ដម អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា EU មានមោទនភាពក្នុងការគាំទ្រកម្ពុជា ដើម្បីបង្កើតឱកាសឱ្យគ្រឹះស្ថានសិក្សា និងអាជីវកម្មបានជួបជុំគ្នា ស្វែងយល់ពីតម្រូវការជំនាញពិតប្រាកដ និងរួមគ្នាកសាងអនាគតមួយដែលកាន់តែបៃតង និងឌីជីថល។
ឯកឧត្តមបញ្ជាក់ថា BizConnect មានបំណងនាំមកនូវការជួបជុំគ្នារវាងគ្រឹះស្ថានបណ្តុះបណ្តាល អាជីវកម្ម និងនិស្សិត ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ពីជំនាញដែលនិយោជកត្រូវការ… EU ចង់ឃើញយុវជនកម្ពុជាអាចកសាងអនាគតខ្លួន តាមរយៈជំនាញដែលពួកគេកំពុងអភិវឌ្ឍ។
សូមជម្រាបថា BizConnect ជាគំនិតផ្តួចផ្តើមពង្រឹងសមត្ថភាពដ៏សំខាន់ ដែលគាំទ្រដោយ EU ក្រោមកម្មវិធី SCOPE-HE។ កម្មវិធី NTTI BizConnect Cambodia 2026 នឹងក្លាយជាមូលដ្ឋានសម្រាប់កសាងភាពជាដៃគូដែលមាននិរន្តរភាព និងផ្តល់អត្ថប្រយោជន៍ដល់សិស្ស-និស្សិត ក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះបណ្តាលនាពេលអនាគត ហើយសិស្សដែលបញ្ចប់ការសិក្សានឹងមានសមត្ថភាព និងត្រៀមខ្លួនកាន់តែប្រសើរ ដើម្បីចូលរួមក្នុងទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា


















