រដ្ឋបាលលោក ត្រាំ ព្រមានឈប់ផ្តល់អាវុធឲ្យ អ៊ុយក្រែន បើបន្តវាយប្រហារទីតាំងថាមពល រុស្ស៊ី
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានព្រមានអ៊ុយក្រែន និង សម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុបថា សហរដ្ឋអាមេរិកអាចនឹងផ្អាកការចែករំលែកព័ត៌មានសម្ងាត់ និង ការទិញអាវុធអាមេរិក ពីសំណាក់អឺរ៉ុប ផ្តល់ជូនសម្រាប់អ៊ុយក្រែន ប្រសិនបើទីក្រុងកៀវ មិនបញ្ឈប់ការវាយប្រហារជម្រៅជ្រៅ ទៅលើទីតាំងថាមពលរបស់រុស្ស៊ីទេនោះ នេះបើយោងតាមមន្ត្រីអឺរ៉ុបពីររូប ដែលបានប្រាប់បណ្តាញព័ត៌មាន CNN ។
បើតាមប្រភព, ការព្រមាននេះត្រូវបានផ្ញើទៅកាន់មន្ត្រី ក្នុងប្រទេសអ៊ុយក្រែន និងអឺរ៉ុប កាលពីចុងសប្តាហ៍ រួមទាំងការប្រាស្រ័យទាក់ទងដោយផ្ទាល់ពីកងទ័ពអាមេរិក ទៅកាន់មេបញ្ជាការអ៊ុយក្រែនផងដែរ។
ប្រសិនបើអនុវត្តមែន, ការផ្អាកទាំងនេះនឹងមានផលប៉ះពាល់ភ្លាមៗ ដល់ការការពារខ្លួនរបស់អ៊ុយក្រែន។
ព័ត៌មានសម្ងាត់ដែលផ្តល់ដោយអាមេរិក កំពុងជួយអ៊ុយក្រែន ក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់រុស្ស៊ី ដោយផ្តល់ទីតាំងនៃឧបករណ៍បាញ់មីស៊ីល និង ទិន្នន័យអំពីកន្លែង និងពេលវេលាដែលការវាយប្រហារកំពុងតម្រង់ទិសទៅ។
រីឯ ការផ្អាកការទិញអាវុធ ដែលធ្វើឡើងតាមរយៈយន្តការអឺរ៉ុប ហៅកាត់ PURL នឹងមានផលប៉ះពាល់អាក្រក់បំផុត ដល់ការដឹកជញ្ជូនមីស៊ីលស្ទាក់ចាប់ Patriot ដែលអ៊ុយក្រែនកំពុងខ្វះខាតយ៉ាងខ្លាំង ខណៈដែល រុស្ស៊ី បានពង្រីកការវាយប្រហារដោយមីស៊ីល និងដ្រូនទូទាំងប្រទេស។
រដ្ឋបាលលោក ត្រាំ ធ្លាប់បានបង្កកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន កាលពីខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីជំនួបដ៏តានតឹងមួយនៅបន្ទប់ Oval Office រវាងលោក ហ្សេលេនស្គី និងលោក ត្រាំ។
ក្រោយមក, សហរដ្ឋអាមេរិកបានស្តារការចែករំលែកព័ត៌មានសម្ងាត់ឡើងវិញ បន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមលើបទឈប់បាញ់ដែលស្នើឡើងដោយអាមេរិក បន្ទាប់ពីកិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីត។
ការគំរាមកំហែងជាថ្មីនេះបានកើតឡើងនៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងមានខឹងសម្បារយ៉ាងខ្លាំងចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជុំវិញការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី។
លោក ត្រាំ បានទម្លាក់កំហុសជាយូរមកហើយលើការកើនឡើងតម្លៃប្រេងម៉ាស៊ូតសកលទៅលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយបានទាមទារឲ្យភាគីទាំងពីរបញ្ឈប់ការវាយប្រហារលើទីតាំងថាមពល។
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានផ្តល់អនុសាសន៍ថា អ៊ុយក្រែនគួរតែស្វែងរកថ្នាក់ដឹកនាំថ្មី និងផ្លាស់ប្តូរជំនួសលោក ហ្សេលេនស្គី ទៀតផង៕
ប្រភព ៖ CNN ប្រែសម្រួល ៖ សារ៉ាត
