អាមេរិក គ្រោងប្រើគ្រាប់បែកខ្នាតយក្សតម្លៃ ១៧ ម៉ឺនដុល្លារ វាយ អ៊ីរ៉ង់ បើផ្ទុះសង្គ្រាមជុំថ្មី
វ៉ាស៊ីនតោន ៖ អាមេរិកបានរៀបចំគម្រោងវាយប្រហារកាន់តែសាហាវជាងមុន តាមរយៈការបញ្ចេញគ្រាប់បែកខ្នាតយក្សប្រឆាំងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើលោកប្រធានាធិបតី Donald Trump បញ្ជាឲ្យចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធឡើងវិញ ។
បើតាមសេចក្តីរាយការណ៍របស់ Aljazeera កាលពីថ្ងៃព្រហស្បតិ៍, គ្រាប់បែកខ្នាតយក្សដែលអាមេរិកអាចយកប្រើវាយអ៊ីរ៉ង់ មានឈ្មោះថា Mother of All Bombs ឬ MOAB ។ វាមានតម្លៃប្រហែល ១៧ ម៉ឺនដុល្លារក្នុងមួយគ្រាប់ ។
គ្រាប់បែក MOAB មានទម្ងន់សរុបប្រមាណ ៩ តោនកន្លះ ក្នុងនោះក្បាលគ្រាប់ផ្ទុកសារធាតុផ្ទុះប្រហែល ៨ តោនកន្លះ ។ កម្លាំងផ្ទុះរបស់គ្រាប់បែកនេះ មានអង្កត់ផ្ចិតចន្លោះពី ១ ទៅ ១,៦ គីឡូម៉ែត្រ ពោលគឺអាចបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សំណង់អគារ រូងភ្នំ និងសូម្បីតែទីតាំងមានការការពាររឹងមាំក៏ដោយ ។
ជាមួយគ្នានេះ គ្រាប់បែក MOAB ប្រើប្រព័ន្ធកំណត់ទីតាំង GPS សម្រាប់ណែនាំទិសដៅ និងរចនាឡើងសម្រាប់វាយប្រហារគោលដៅលើដីគោក ព្រមទាំងទីតាំងដូចជាបណ្តាញរូងភ្នំ និងផ្លូវរូងក្រោមដី ។
ជាទូទៅ យន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់ C-130 Hercules គឺជាអ្នករ៉ាប់រងក្នុងការពាំគ្រាប់បែក MOAB ទៅទម្លាក់កម្ទេចគោលដៅសត្រូវ ពីព្រោះយន្តហោះទម្លាក់គ្រាប់បែកធម្មតា មិនអាចទ្រាំទ្រនឹងទម្ងន់របស់វាបាននោះទេ ។
អ្នកជំនាញយោធាបានព្រមានថា ផែនការប្រើប្រាស់គ្រាប់បែកខ្នាតយក្ស MOAB ដែលជាគ្រាប់បែកមិនមែននុយក្លេអ៊ែរដ៏ធំបំផុតក្នុងឃ្លាំងអាវុធរបស់អាមេរិក នឹងធ្វើឱ្យកម្រិតជម្លោះជាមួយអ៊ីរ៉ង់ ផ្ទុះកាន់តែខ្លាំងលើសពីការស្មាន ។
បើតាម CNN, អាមេរិកធ្លាប់បានប្រើគ្រាប់បែកនេះជាលើកដំបូង ក្នុងប្រតិបត្តិការយោធាកាលពីខែមេសា ឆ្នាំ២០១៧ ដើម្បីកម្ទេចបណ្តាញរូងភ្នំរបស់ក្រុមរដ្ឋឥស្លាម ISIS ដែលមានទីតាំងនៅខេត្ត Khorasan ប្រទេសអាហ្វហ្គានីស្ថាន ។ នៅពេលនោះ អាជ្ញាធរអាហ្វហ្គានីស្ថានប្រកាសថា ពួកសកម្មប្រយុទ្ធ ISIS ដល់ទៅ ៩៤ នាក់ត្រូវបានសម្លាប់ ៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា