អភិបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំងបាក់ច្រាំងនៅព្រែកលៀប ដើម្បីចាត់វិធានការទប់ស្កាត់កុំឱ្យបាក់បន្ត
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែតុលា២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុចផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដើម្បីចាត់វិធានការជាថ្មី ក្នុងការបង្ការទប់ស្កាត់កុំឱ្យបាក់បន្តទៀត។
លោកព្រាប មុន្នី ចៅសង្កាត់ព្រែកលៀបបានឱ្យដឹងថា ទីតាំងខាងលើនេះបានបាក់ស្រុតម្តងហើយ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ហើយនៅរាត្រីទៀបភ្លឺថ្ងៃទី១៥ តុលា ២០២៦នេះក៏បានបាក់បន្តទៀត ដែលមានទទឹង ៦ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បាន ណែនាំឱ្យមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញដាក់គ្រឿងចក្រជាបន្ទាន់ ដោយចាក់ដីលុបដើម្បីទប់ស្កាត់ការបន្តបាក់ច្រាំងទន្លេ ជាមួយការធ្វើលិខិតស្នើទៅក្រសួងធនធានទឹក និងឧត្តុនិយម សុំមន្ត្រីជំនាញរបស់ក្រសួងចុះមកសិក្សានៅទីតាំងទាំងខាងលើបន្តទៀត ដើម្បីបង្វែផ្លូវទឹកកុំឲ្យហូរបុកទីតាំងនេះ។
ប្រជាពលរដ្ឋមានសាទរចំពោះវិធានការបន្ទាន់របស់សាលារាជធានី ហើយបានថ្លែងអំណរគុណដល់ឯកឧត្ដម ឃួង ស្រេង ដែលបានយកចិត្តទុកដាក់ និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចាត់វិធានការស្ថាបនាផ្លូវដែលរងការបាក់ស្រុតឡើងវិញ ដើម្បីសម្រួលការធ្វើដំណើរ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្រោយបញ្ចប់ការចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេខាងលើហើយ នារសៀលថ្ងៃដដែលនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបន្តដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទីតាំង ដែលទឹកភ្លៀងលិចផ្លូវនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះបន្តទៀត ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាកុំឱ្យមានការលិចលង់នៅពេលមានភ្លៀងខ្លាំងលើកក្រោយទៀត៕



