ការនាំចេញបន្ទះសូឡាចិន ធ្លាក់ចុះ ៦,៤ ភាគរយ ក្នុងខែកញ្ញា

តូក្យូ ៖ ការនាំចេញបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ដើម្បីផលិតជាអគ្គិសនី ដែលហៅថា បន្ទះសូឡា របស់ប្រទេសចិន បានធ្លាក់ចុះប្រហែល ៦,៤ ភាគរយក្នុងខែកញ្ញា ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែតម្លៃនាំចេញសរុបបានកើនឡើង ។

បើតាម Market Screener, ការធ្លាក់ចុះជាបន្តបន្ទាប់នៃការនាំចេញបន្ទះសូឡារបស់ចិនកើតឡើង ចំពេលទីផ្សារបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យកំពុងប្រឈមមុខនឹងបញ្ហាផ្សេងៗ ដូចជា សមត្ថភាពផលិតលើសតម្រូវការ ការប្រកួតប្រជែងតម្លៃ និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ។

យោងតាមទិន្នន័យគយ, ចិនដែលជាប្រទេសផលិតបន្ទះសូឡាធំជាងគេរបស់ពិភពលោក បាននាំចេញកោសិកាសូឡា និងបន្ទះសូឡាមានទម្ងន់ប្រហែល ១,២១ លានតោន ក្នុងខែកញ្ញា ។

តួលេខនេះ បានដាំក្បាលចុះយ៉ាងគំហុករហូតដល់ ៦,៤% បើធៀបនឹងរយៈពេលដូចគ្នាខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែកើនឡើងពី ៨៤០.០០០ តោនក្នុងខែសីហា ឆ្នាំ២០២៦ ។

ប្រភពដដែលឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ចិនបាននាំចេញកោសិកាសូឡា និងបន្ទះសូឡាសរុបមានទម្ងន់ប្រហែល ៩,៣៧ លានតោន ។ តួលេខនេះធ្លាក់ចុះប្រមាណ ៩,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

យ៉ាងណា តម្លៃនាំចេញក្នុងខែកញ្ញាឆ្នាំនេះ បានកើនឡើងប្រមាណ ១៩,៤ ភាគរយ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៣៤ ពាន់លានដុល្លារ ។ ចំណែកចំនួនកោសិកាសូឡា និងបន្ទះសូឡាដែលបាននាំចេញវិញ បានកើនឡើងប្រមាណ ១១,៣ ភាគរយ ពោលគឺស្មើនឹងប្រមាណ ១,៤៤ ពាន់លានគ្រឿង ៕

ប្រភព ៖ Market Screener ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner