ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងធុរកិច្ច និងវិនិយោគរវាងកម្ពុជា-ប៉ូឡូញ
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី អ៊ីវ៉ូណា ក្មៀឈិក (Iwona Kmiecik) ស្ថាបនិក និងជាអគ្គនាយិការក្រុមហ៊ុន IM Capital Holding និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងជំនួបនេះ ក្រុមហ៊ុន IM Capital Holding បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដើរតួជាស្ពានភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចរវាងវិស័យឯកជនកម្ពុជា និងប៉ូឡូញ ព្រមទាំងមានបំណងពង្រីកការវិនិយោគលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ប្រណីតនៅកម្ពុជាបន្ថែមទៀត។
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតជូន លោកស្រី អ៊ីវ៉ូណា ក្មៀឈិក ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ លោកស្រីអគ្គនាយិកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងផ្តល់ទំនុកចិត្តយ៉ាងរឹងមាំដល់វិនិយោគិនបរទេស ដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។ លោកស្រីបានគូសបញ្ជាក់ពីផែនការពង្រីកការវិនិយោគលើវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត ព្រមទាំងបានស្នើសុំការគាំទ្រលើគំនិតផ្ដើមរៀបចំ «វេទិកាធុរកិច្ចប៉ូឡូញ-កម្ពុជា» និងការបង្កើត «សភាពាណិជ្ជកម្មប៉ូឡូញ-កម្ពុជា» ដើម្បីប្រមូលផ្តុំវិនិយោគិននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ធុរកិច្ចរវាងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចធិបតី បានលើកឡើងពីគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល ដូចជាការធ្វើទំនើបកម្មឌីជីថលតាមរយៈប្រព័ន្ធ e-Visa និងច្រកទ្វារស្វ័យប្រវត្តិ Smart Gates សម្រួលដល់អ្នកវិនិយោគ និងទេសចរអន្តរជាតិ។
ជាមួយគ្នានេះសម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំកញ្ចប់ទេសចរណ៍ចម្រុះ ដោយភ្ជាប់ពីតំបន់កោះឆ្នេរ ទៅកាន់តំបន់ទេស ចរណ៍វប្បធម៌ និងអេកូទេសចរណ៍។ សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប៉ូឡូញមកកាន់កម្ពុជា និងបានណែនាំឱ្យក្រុមហ៊ុនសហការជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីប្រែក្លាយផែនការវិនិយោគទាំងនេះឱ្យចញជាលទ្ធផលជាក់ស្តែងនិងធានាបាននូវភាពជោគជ័យរបស់ក្រុមហ៊ុនសម្រាប់រយៈពេលវែង ៕
ដោយ៖វណ្ណលុក







