កម្ពុជា-ក្រូអាស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងពង្រីកពាណិជ្ជកម្ម
ភ្នំពេញ៖កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្រូអាស៊ី លើការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងស្វាគមន៍ចំពោះការជួយជ្រោមជ្រែងផ្នែកបច្ចេកវិទ្យា និងបទពិសោធន៍ ដើម្បីឱ្យប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជាកាន់តែមានប្រសិទ្ធភាពខ្ពស់ការបញ្ជាក់បែបនេះក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយ ឯកឧត្តមបណ្ឌិត ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ (Gordan Grlić-Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
បន្ទាប់ពីជំនួបសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាមួយឯកឧត្តមបណ្ឌិត ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ីបញ្ចប់ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានឱ្យដឹងថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលឈានទៅដល់ការសម្រេចបាននូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការលើកលែងទិដ្ឋាការលិខិតឆ្លងដែនការទូត និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនៃប្រទេសទាំងពីរ។
សម្តេចប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រូអាស៊ីនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងទំនាក់ទំនងជិត ៧ទសវត្សរ៍ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជា និងក្រូអាស៊ី សុទ្ធសឹងជាប្រទេសតូច ដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងយល់ច្បាស់ពីផលវិបាកនៃគ្រាប់មីន។ កម្ពុជាស្វាគមន៍យ៉ាងខ្លាំងចំពោះការគាំទ្ររបស់ក្រូអាស៊ី តាមរយៈការផ្តល់បច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ និងជំនាញកម្រិតខ្ពស់ ដើម្បីបង្កើនល្បឿននៃការបោសសម្អាតមីននៅកម្ពុជា។
ក្រៅពីការពង្រឹងទំនាក់ទំនងការទូតនយោបាយ ការទូតសភា សម្តេចប្រធានរដ្ឋសភា ក៏បានជំរុញឱ្យក្រូអាស៊ី ពិនិត្យសក្តានុពលរវាងប្រទេសទាំងពីរបន្ថែមទៀត ក្នុងការជំរុញបន្ថែមលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ថាមពលស្អាត និងវិស័យសន្តិសុខ ជាដើម ៕







អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ