អ៊ីរ៉ង់ ប្រកាសត្រៀមបញ្ចេញ «បិតានៃមីស៊ីល» វាយសត្រូវ ក្រោយ អាមេរិក គំរាមប្រើ «មាតានៃគ្រាប់បែក»
តេហេរ៉ង់ ៖ ក្រោយពេលអាមេរិកគំរាមប្រើ «មាតានៃគ្រាប់បែក» ឬ គ្រាប់បែកខ្នាតយក្ស, អ៊ីរ៉ង់ បានប្រកាសតបតបវិញថា ទីក្រុងតេហេរ៉ង់ ត្រៀមប្រើប្រាស់ «បិតានៃមីស៊ីល » វាយប្រហារកម្ទេចរាល់ទីតាំងថាមពលនានារបស់សត្រូវ។
ថ្លែងទៅកាន់អ្នកចូលរួមរាប់ពាន់នាក់ នៅក្នុងយុទ្ធនាការ «ការលះបង់ដើម្បីអ៊ីរ៉ង់» នៅទីក្រុង Sari ភាគខាងជើងប្រទេស កាលពីថ្ងៃអាទិត្យ, លោក ឧត្តមសេនីយ៍ទោ Mohammad Reza Naqdi ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់មេបញ្ជាការកំពូលនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC បានរៀបរាប់ថា «យើងបានត្រៀមរួចរាល់នូវ អ្វីដែលហៅថា បិតានៃមីស៊ីលរបស់យើង ហើយប្រសិនបើសត្រូវធ្វើការសម្រេចចិត្តខុសឆ្គងណាមួយ នោះការវាយប្រហាររបស់ពួកគេនឹងបរាជ័យយ៉ាងពិតប្រាកដ ហើយពួកគេនឹងគ្មានផ្លូវគេចរួចឡើយ»។
លោក Naqdi គំរាមធ្ងន់ៗថា រដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគលើវិស័យថាមពលទាំងអស់របស់ភាគីឈ្លានពាន នៅក្នុងតំបន់នេះ នឹងត្រូវមីស៊ីលអ៊ីរ៉ង់ បាញ់កម្ទេចចោល ហើយសន្តិសុខរបស់ពួកគេនឹងត្រូវរងការគំរាមកំហែងដោយផ្ទាល់។
បើតាម MEHR News Agency, ការលើកឡើងអំពីការត្រៀមបញ្ចេញ «បិតានៃមីស៊ីល» វាយសត្រូវបែបនេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការគំរាមកំហែងជាសាធារណៈរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានគំរាមប្រើប្រាស់គ្រាប់បែក GBU-43/B ដោយស្គាល់ជាទូទៅថាជា «មាតានៃគ្រាប់បែកទាំងឡាយ» ឬ Mother of All Bombs ហៅកាត់ MOAB ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
បើតាមលោក ឧត្តមសេនីយ៍ទោ Naqdi, គ្រាប់បែកទម្ងន់ ១៤ តោន ធ្លាប់ត្រូវបានទម្លាក់មកលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលសង្គ្រាម រយៈពេល ១២ ថ្ងៃ ប៉ុន្តែ គ្រាប់បែកខ្លះ មិនបានផ្ទុះឡើយ ហើយក្រោយមក ត្រូវបានកងកម្លាំងអ៊ីរ៉ង់រឹបអូសយកបាន។ លោកបានពន្យល់បន្ថែមដែរថា បច្ចុប្បន្ននេះ ទីក្រុងតេហេរ៉ង់មានគំរូនៃអាវុធទាំងនោះ នៅក្នុងដៃ ទៀតផង។
លោក Naqdi បានសង្កត់ធ្ងន់ថា អំណាច និងជ័យជម្នះរបស់អ៊ីរ៉ង់ មិនមែនកើតចេញពីសម្ភារៈយោធាប៉ុណ្ណោះទេ ប៉ុន្តែ គឺកើតចេញពីវត្តមានដ៏រឹងមាំ និងការត្រៀមខ្លួនរួចជាស្រេចរបស់ប្រជាជនអ៊ីរ៉ង់។
មេបញ្ជាការរូបនេះ បានលើកឡើងទៀតថា ការត្រៀមខ្លួន និងការតស៊ូរបស់ជាតិ បានរារាំងការឈ្លានពានតាមផ្លូវគោក និងបង្ខំឱ្យនាវាសត្រូវដកថយចេញទៅឆ្ងាយរហូតដល់ ១.០០០ គីឡូម៉ែត្រ នៅក្នុងសមុទ្រ៕
ប្រភព ៖ MEHR News Agency, ប្រែសម្រួល ៖ សារ៉ាត