លោក ត្រាំ ថា អាមេរិក នឹងកើតមានអំពើលួចប្លន់ និងដុតបំផ្លាញអគារដូចនៅ បារាំង បើលោកចាញ់ឆ្នោត
វ៉ាស៊ីនតោន ៖ អំពើលួចប្លន់, ការដុតបំផ្លាញអគារ និងការចូលត្រួតត្រាតំបន់នានាដែលកំពុងកើតមាននៅបារាំង អាចនឹងឃើញមាន នៅលើទឹកដីសហរដ្ឋអាមេរិកដូចគ្នាដែរ ប្រសិនបើគណបក្សសាធារណរដ្ឋចាញ់ការបោះឆ្នោត ពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកាខាងមុខ ។ នេះគឺជាការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ។
ថ្លែងក្នុងអំឡុងការជួបជុំឃោសនារកសំឡេងគាំទ្រនៅរដ្ឋ Kansas, លោក ត្រាំ ព្រមានថា ភាពចលាចល និង ការលួចប្លន់ នៅប្រទេសបារាំង គឺជាសញ្ញាទុកជាមុនអំពីអ្វីដែលអាចនឹងកើតឡើងចំពោះសហរដ្ឋអាមេរិក ប្រសិនបើគណបក្សប្រជាធិបតេយ្យ ទទួលបានជ័យជម្នះនៅក្នុងខែវិច្ឆិកា ។
យ៉ាងណា លោក ត្រាំ សន្យាថា នឹងមិនអនុញ្ញាតឱ្យរឿងបែបនេះកើតឡើងចំពោះអាមេរិកនោះឡើយ នៅពេលគណបក្សរបស់លោកឈ្នះការបោះឆ្នោត ។
បើតាមមេដឹកនាំអាមេរិក វ័យ ៨០ ឆ្នាំរូបនេះ, អ្នកនៅពីក្រោយខ្នងបាតុកម្មនៅបារាំង គឺជាក្រុមជនអន្តោប្រវេសន៍, ក្រុមជីហាដនិយម និងក្រុមកុម្មុយនីស្ត ដោយលើកហេតុផលថា ក្រុមទាំងនេះបង្កភាពវឹកវរ ព្រោះតែមិនពេញចិត្តសាសនាគ្រឹស្ត និង អារ្យធម៌លោកខាងលិចទាំងមូល ។
ក្រៅពីនេះ, លោក ត្រាំ ក៏បានអះអាងផងដែរថា ក្រុមអ្នកនយោបាយឆ្វេងនិយមដែលគាំទ្រសកលភាវូបនីយកម្ម នៅអឺរ៉ុប គឺជាអ្នកទទួលខុសត្រូវចំពោះការហូរចូលនៃជនអន្តោប្រវេសន៍ ដែលកំពុងនាំឱ្យមានភាពចលាចលនៅក្នុងប្រទេសបារាំង។
បើតាម straitstimes, បាតុកម្មពោរពេញដោយហិង្សា កាលពីចុងសប្តាហ៍នៅបារាំង បានកើតឡើង បន្ទាប់ពីមានការតវ៉ារបស់សិស្សនិស្សិត អស់រយៈពេលជាច្រើនសប្តាហ៍ ពោលគឺនៅរយៈពេល ៦ ខែ មុនមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងថ្មី ។
បាតុកម្មនេះទៀតសោតក៏កើតមានឡើង ដោយសារតែបារាំងកំពុងមានសេដ្ឋកិច្ចទន់ខ្សោយ និងបំណុលកើនឡើងផងដែរ ។
ក្រសួងមហាផ្ទៃបារាំងបញ្ជាក់ថា មនុស្សប្រមាណ ២,៤០០ នាក់ត្រូវបានចាប់ខ្លួន ហើយអ្នកតវ៉ាម្នាក់បានស្លាប់ ដោយសារគាំងបេះដូង ខណៈដែលមន្ត្រីជិត ១ពាន់ នាក់បានរងរបួស អំឡុងបាតុកម្មលាយឡំការចូលលួចប្លន់ទ្រព្យសម្បត្តិ និងដុតបំផ្លាញអគារដ្ឋាភិបាលនៅក្នុងប្រទេសបារាំង ៕
ប្រភព ៖ CNN_ straitstimes ប្រែសម្រួល ៖ សារ៉ាត