Apple ពង្រីកផលិតកម្មទូរស័ព្ទត្រកូល iPhone ជំនាន់ចុងក្រោយ រួមមាន iPhone Duo និង iPhone 18 Pro
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កាលពីថ្ងៃអង្គារ ប្រកាសពង្រីកផលិតកម្ម និងបង្កើតភាពជាដៃគូថ្មីៗជាមួយក្រុមហ៊ុនធំៗក្នុងស្រុក ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើម និងសមាសធាតុសំខាន់ៗសម្រាប់ផលិតទូរស័ព្ទត្រកូល iPhone រួមមានម៉ូដែល iPhone 18 Pro និង iPhone Duo ជាទូរស័ព្ទបត់ដំបូងបង្អស់របស់ Apple ។
ការពង្រីកផលិតកម្ម និងការបង្កើតភាពជាដៃគូនេះ ត្រូវបានធ្វើឡើងក្រោមកម្មវិធីចំរុញផលិតកម្មសហរដ្ឋអាមេរិក ហៅកាត់ AMP ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តវិនិយោគចំនួន ៦០០ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសកំណើតរបស់ខ្លួន ។
បើតាម Anadolu, ក្រុមហ៊ុន Apple បានប្តេជ្ញាចិត្តវិនិយោគប្រហែល ១០០ លានដុល្លារក្នុងពេល ៣ ឆ្នាំខាងមុខ ជាមួយក្រុមហ៊ុន Perryman ដែលមានមូលដ្ឋាននៅរដ្ឋ Pennsylvania ។
ក្រោមការវិនិយោគនេះ ក្រុមហ៊ុន Perryman នឹងផ្គត់ផ្គង់លោហៈទីតាញ៉ូម កម្រិត៥ ដែលមានសមាសធាតុកែច្នៃឡើងវិញយ៉ាងតិច ៨០ ភាគរយ សម្រាប់យកទៅធ្វើជាតួទូរស័ព្ទ iPhone Duo ដើម្បីធានាបាននូវភាពរឹងមាំ និងធន់ខ្ពស់ជុំវិញគន្លឹះបត់ ។
ស្របពេលជាមួយគ្នានេះ Apple ក៏បានពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុន Qnity ដែលមានទីស្នាក់ការនៅរដ្ឋ Delaware ផងដែរ ដើម្បីផលិតស្រទាប់ហ្វីលកម្រិតខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធកាមេរ៉ា ពោលគឺកាមេរ៉ាដែលអាចផ្លាស់ប្តូរកម្រិតពន្លឺបានរបស់ទូរស័ព្ទ iPhone 18 Pro ។
បើតាមការលើកឡើងរបស់ក្រុមហ៊ុន Apple, គ្រឿងបង្គុំ ១០០ ប្រភេទ នៅក្នុងទូរស័ព្ទ iPhone Duo និង iPhone 18 Pro ត្រូវបានផលិតដោយក្រុមហ៊ុនអាមេរិកផ្ទាល់ ។ សព្វថ្ងៃ Apple បានធ្វើការជាមួយក្រុមហ៊ុនដៃគូផ្គត់ផ្គង់ក្នុងរដ្ឋចំនួន ៥០ របស់សហរដ្ឋអាមេរិក និងបង្កើតការងារដល់ប្រជាជនជាង ៤៥០,០០០ នាក់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
