បច្ចេកទេសថ្មីស្តារចម្ការស្វាយចន្ទីចាស់ ដោយមិនបាច់ កាប់ចោល
កសិករដាំស្វាយចន្ទីកម្ពុជា ពេលនេះលែងបារម្ភពី ការខាតបង់ក្នុងការកាប់ដើមចន្ទីចាស់ៗចោលទៀតហើយ តាមរយៈបច្ចេកទេសថ្មីនៃការកាត់មែក និងកែលម្អ ដើមចាស់ឱ្យលូតលាស់ឡើងវិញ ដែលណែនាំដោយ ក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មតំបន់ត្រូពិកចិន បាននិងកំពុងជួយឱ្យចម្ការចន្ទីចាស់ៗ ត្រឡប់មកហុចទិន្នផលខ្ពស់ជាថ្មី និងជួយរក្សាប្រាក់ ចំណូលរបស់កសិករ។
ផ្អែកតាមការចុះអនុវត្តជាក់ស្តែងនៅតាមចម្ការក្នុង ខេត្តកំពង់ធំ សមាគមស្វាយចន្ទីកម្ពុជា (CAC) បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំលើបច្ចេកទេសស្តារដើមចន្ទីចាស់ៗនេះ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងថា កន្លងមកជាពិសេសក្នុងឆ្នាំ២០២១ និង២០២២ កសិករបានកាប់ដើមចន្ទីពូជប្រពៃណី និងដើមចាស់ៗចោលអស់ជិត ៥០ហិកតា ដោយសារតែវាហុចផលទាប។ប៉ុន្តែតាមវិធីសាស្រ្តថ្មីដែលចែករំលែកដោយអ្នកបច្ចេកទេសចិន បានផ្តល់នូវផលចំណេញច្រើន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា វិធីសាស្រ្តថ្មីនេះ គឺគេកាប់ដើមចន្ទីអាយុប្រមាណ ២៥ឆ្នាំ ដែលលែងសូវហុចផល ដោយកាត់មែកចាស់ចោលសល់តែកម្ពស់ពីដី ១ទៅ២ម៉ែត្រ ដើម្បីឱ្យវាដុះមែកនិងស្លឹកថ្មី។ វិធីនេះធ្លាប់ជោគជ័យលើដើមពុទ្រា ហើយយើងសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានលទ្ធផលល្អដូចគ្នាលើដើមស្វាយចន្ទី។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើដំណាំកៅស៊ូនេះដែរ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបង្ហោះសំណេរលើបណ្តាញសង្គមផ្លូវការក្នុងសប្ដាហ៍នេះថា ការណែនាំបច្ចេកទេសកែលម្អចម្ការស្វាយចន្ទីចាស់ៗនេះ ធ្វើឡើងដើម្បីជួយការពារកុំឱ្យចម្ការស្វាយចន្ទីចាស់ៗជិត ៣០ម៉ឺនហិកតានៅកម្ពុជា ត្រូវគេកាប់បំផ្លាញ ឬបោះបង់ចោល។ គំនិតផ្ដួចផ្ដើមនេះ ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាផងដែរ។
គួររំលឹកថា កម្ពុជាមានផ្ទៃដីសមស្របអាចដាំស្វាយចន្ទីបានរហូតដល់ ១,២៨លានហិកតា ក្នុងនោះផ្ទៃដីដាំដុះជាក់ស្តែងមានប្រមាណជាង ៥៨ម៉ឺនហិកតា។ ដំណាំយុទ្ធសាស្ត្រមួយនេះ កំពុងបង្កើតចំណូលយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ ។ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង ១លានតោន គិតជាទឹកប្រាក់ប្រមាណ ១ ៧៥១លានដុល្លារអាម៉េរិក ដែលកើនឡើង ២៨.៩% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ នេះបើតាមរបាយការណ៍ក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា៕
ដោយ៖ម៉ាដេប៉ូ




