អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ លើ ២៩ ទីតាំង
អាជ្ញាធរជាតិព្រះវិហារ តាមរយៈនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានចាប់ផ្តើមអនុវត្តគម្រោងអន្តរាគមន៍សង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារដំណាក់កាលទី២ ក្នុងសប្ដាហ៍នេះ។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានបើកការដ្ឋានអនុវត្តគម្រោងទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ នៅលើ ២៩ ទីតាំង ដើម្បីការពារនិងទប់ស្កាត់ការដួលរលំរចនាសម្ព័ន្ធប្រាសាទ មុននឹងឈានទៅដល់ការជួសជុលពេញលេញនាពេលអនាគត។
គម្រោងដំណាក់កាលទី២ ដែលត្រូវអនុវត្តលើ ២៩ទីតាំងនេះ រួមមាន៖ នៅគោបុរៈទី១ ចំនួន១០ទីតាំង ,គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង ,គោបុរៈទី៣ ចំនួន៥ទីតាំង ,គោបុរៈទី៤ ចំនួន១ទីតាំង ,ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងខឿនទ្រក្បាលនាគខាងលិច ចំនួន១ទីតាំង។
គួរជម្រាបថា កាលពីដំណាក់កាលទី១ ក្រុមការងាររបស់អាជ្ញាធរជាតិព្រះវិហារ ធ្លាប់បានទល់ទ្រសង្គ្រោះបន្ទាន់រួចរាល់ចំនួន ២៣ទីតាំង ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។
ការទល់ទ្រសង្គ្រោះបន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ ដើម្បីការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ ដែលជាបេតិកភណ្ឌពិភព ព្រមទាំងដើម្បីធានាសុវត្ថិភាពប្រាសាទ មុននឹងឈានទៅបើកការជួសជុលជាបន្តបន្ទាប់ទៀត។
សូមជម្រាបថា ប្រាសាទព្រះវិហារ ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដោយអង្គការយូណេស្កូ (UNESCO)។
គួររំឭកដែរថា កាលពីឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចប្រកាសជាផ្លូវការថា ប្រាសាទព្រះវិហារស្ថិតក្រោមអធិបតេយ្យភាព និងជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា។ ទោះជាយ៉ាងណា ជម្លោះព្រំដែនបានផ្ទុះឡើងជាថ្មីនៅខែកក្កដា ឆ្នាំ២០០៨ ក្រោយយោធាថៃបានចូលឈ្លានពានដែនដីកម្ពុជា បន្ទាប់ពីអង្គការយូណេស្កូបានចុះបញ្ជីប្រាសាទនេះជាបេតិកភណ្ឌពិភពលោក ដែលបង្កឱ្យមានការប៉ះទង្គិចប្រដាប់អាវុធ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង។
រហូតមកដល់ឆ្នាំ២០២៥ ជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងជាថ្មីម្តងទៀត ដោយសារការវាយប្រហារយ៉ាងកម្រោលពីសំណាក់យោធាថៃមកលើតំបន់ប្រាសាទព្រះវិហារ ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ដែលបណ្តាលឱ្យប្រាសាទបុរាណមួយនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕
ដោយ៖ទួន សុផល

