អ៊ីតាលី ដាក់ចេញច្បាប់ប្រឆាំងកុបកម្មតឹងរ៉ឹង ក្រោយផ្ទុះបាតុកម្មដ៏កក្រើកនៅ បារាំង
រ៉ូម ៖ ប្រទេសអ៊ីតាលីកាលពីថ្ងៃអង្គារបានសម្រេចអនុម័តច្បាប់កាន់តែតឹងរ៉ឹងជាងមុនប្រឆាំងអំពើកុបកម្មនានា បន្ទាប់ពីមានការផ្ទុះបាតុកម្មហិង្សាដ៏កក្រើកនៅបារាំងដែលជាប្រទេសក្បែរខាងរបស់ខ្លួន ។
បើតាម straitstimes, ច្បាប់តឹងរ៉ឹងជាងមុនប្រឆាំងអំពើកុបកម្មរបស់អ៊ីតាលី គឺនឹងដំឡើងទោសទណ្ឌឱ្យកាន់តែធ្ងន់ធ្ងរជាងមុនសម្រាប់អ្នកបង្កកុបកម្ម ជាពិសេសនឹងកំណត់ឱ្យឪពុកម្តាយចេញថ្លៃទទួលខុសត្រូវ ប្រសិនបើកូនៗរបស់ពួកគេចូលរួមក្នុងសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការលួចប្លន់។
វិធានការថ្មីនេះ, បុគ្គលណាក៏ដោយ ដែលចូលរួមក្នុងក្រុម ដែលមានគ្នាចាប់ពី ៥ នាក់ឡើងទៅ ហើយបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ ក្នុងអំឡុងពេលតវ៉ា នឹងត្រូវប្រឈមមុខទោសទណ្ឌជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ រហូតដល់ជាង ២ម៉ឺន ២ពាន់ដុល្លារ ។
ក្រៅពីនេះ ប៉ូលិសនឹងទទួលបានសិទ្ធិឃាត់ខ្លួនយុវជន ដែលមានអាយុចន្លោះពី ១៤ ទៅ ១៧ ឆ្នាំ ប្រសិនបើមានភស្តុតាងបង្ហាញថា ពួកគេបង្កគ្រោះថ្នាក់ ទោះបីជាពួកគេមិនទាន់បានប្រព្រឹត្តបទល្មើសជាក់ស្តែងណាមួយក៏ដោយ ។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និយាយថា «ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការលួចប្លន់ មិនមែនជារឿងអ្វីដែលទាក់ទងនឹងការតស៊ូដើម្បីការផ្លាស់ប្តូរនោះទេ។ សកម្មភាពទាំងនេះមិនមែនជាការតវ៉ាទេ ប៉ុន្តែ វាគឺជាបទឧក្រិដ្ឋ»។
វិធានការនេះ បានធ្វើឡើង បន្ទាប់ពីមានភាពវឹកវរ នៅតាមទីក្រុងនានា ក្នុងភាគខាងជើងប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍កន្លងទៅ រួមទាំងទីក្រុង Milan ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុផងដែរ ។ ភាពវឹកវរនេះទៀតសោតក៏បានកើតឡើង ស្របពេលទៅនឹងការផ្ទុះបាតុកម្មនៅបារាំងដែលជាប្រទេសជិតខាងរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ។
បាតុកម្មក្នុងប្រទេសបារាំងត្រូវបានគេចាត់ទុកជាភាពចលាចលដោយហិង្សាដ៏បំផុតមួយមិនធ្លាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយពេលប្រជាជនរាប់សែននាក់បាននាំគ្នាដើរហែក្បួនតាមដងផ្លូវ វាយបំបែកបង្អួច លួចប្លន់ហាងទំនិញ និង វាយប្រហារលើប៉ូលិសជាដើម ៕
ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត