ពលករកូរ៉េខាងជើង ១២,០០០ នាក់ រងការកេងប្រវ័ញ្ចកម្លាំងពលកម្មប្រៀបដូចទាសករនៅរោងចក្រផលិតដ្រូនរបស់ រុស្ស៊ី

មូស្គូ ៖ ពលករកូរ៉េខាងជើងរហូតដល់ ១២.០០០ នាក់ ដែលបញ្ជូនទៅធ្វើការនៅរោងចក្រផលិតយន្តហោះដ្រូន Yelabuga របស់ប្រទេសរុស្ស៊ី ត្រូវបានរាយកាណ៍ថា កំពុងក្លាយជាជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការជួញដូរមនុស្ស ជាពិសេសការកេងប្រវ័ញ្ចកម្លាំងពលកម្មប្រៀបដូចទាសករដាច់ថ្លៃ ។

របាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) និងវិទ្យាស្ថាន George W. Bush ចេញផ្សាយថ្ងៃទី១៤ ខែតុលា បានចោទថា របបដឹកនាំកូរ៉េខាងជើងបានដកហូតយកប្រាក់ឈ្នួលរបស់កម្មករ ១២,០០០ នាក់ ពី ៧០ ទៅ ៩០ ភាគរយ ដើម្បីយកទៅប្រើប្រាស់ក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ។

ពលករទាំងនោះ បានធ្វើការក្នុងលក្ខខណ្ឌការងារធ្ងន់ធ្ងរ និងគ្មានសេរីភាពក្នុងការដើរហើរ ពីព្រោះត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីភ្នាក់ងារសន្តិសុខកូរ៉េខាងជើង ជាពិសេសប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញលើក្រុមគ្រួសារនៅស្រុកកំណើត ប្រសិនបើពួកគេព្យាយាមរត់គេចខ្លួន ។

របាយការណ៍ដដែលបានចោទប្រកាន់ទៀតថា ទាំងរុស្ស៊ី និងកូរ៉េខាងជើង កំពុងរំលោភលើសេចក្តីសម្រេចចិត្តលេខ ២៣៩៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យបញ្ជូនពលករកូរ៉េខាងជើងទាំងអស់ត្រឡប់ទៅមាតុភូមិវិញ ។ ប៉ុន្តែដើម្បីគេចវេះពីទណ្ឌកម្មនេះ ភាគីទាំងពីរបានប្រើប្រាស់ទិដ្ឋាការប្រភេទជានិស្សិត ជំនួសឱ្យទិដ្ឋាការការងារ ។

បើតាមសារព័ត៌មាន DW, រោងចក្រផលិតដ្រូន Alabuga គឺជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់របស់រុស្ស៊ី ដែលអាចផលិតដ្រូនប្រយុទ្ធ ដូចជាប្រភេទ Shahed ឬ Geran របស់អ៊ីរ៉ង់ បានជាង ៥.៥០០ គ្រឿងក្នុងមួយខែ សម្រាប់យកទៅប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដោយមានការគាំទ្រផ្នែកគ្រឿងបន្លាស់ពីចិន បច្ចេកវិទ្យាពីអ៊ីរ៉ង់ និងកម្លាំងពលកម្មពីកូរ៉េខាងជើង ៕

ប្រភព ៖ DW ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner