ជំនន់ទឹកភ្លៀងធ្វើឱ្យដាច់ជើងទម្រស្ពានស្ទឹងតូច ​អាជ្ញាធរ​​​​ខេត្តកំពង់ស្ពឺ សម្រេចផ្អាក​ចរាចរណ៍

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានសម្រេច​​ផ្អាកឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឆ្លងកាត់ស្ពានបេតុង​​ស្ទឹងតូច លើកំណាត់ផ្លូវលេខ១៤១ ស្ថិតនៅក្នុងភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ជាបណ្តោះអាសន្នសិន ដោយសារតែទឹកជំនន់ហូរបានច្រោះដាច់ជើងទម្រស្ពាន។
 
លោក ហន ភារុន នាយករដ្ឋបាលសាលាស្រុកសំរោងទង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ អាជ្ញាធរបានសម្រេចផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពាននេះជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់ឡើយ សូម្បីតែម៉ូតូ និងរ៉ឺម៉កក៏ដោយ។
 
ការសម្រេច​បិទផ្លូវឆ្លងកាត់ស្ពាននេះ គឺដើម្បី​បង្ការ​​គ្រោះថ្នាក់ជាយថាហេតុណាមួយ​ដល់អ្នកធ្វើដំណើរ​ ក៏ដូចជាទ្រព្យសម្បត្តិសាធារណៈ។ ​កំឡុងពេលបិទផ្លូវឆ្លងកាត់ស្ពាននេះ អាជ្ញាធរណែនាំឱ្យពលរដ្ឋធ្វើដំណើរវាងទៅតាមផ្លូវលេខ៤១ ឬផ្លូវផ្សេងជំនួសវិញបាន រហូតដល់​ស្ពាននេះត្រូវជួសជុល និងបើក​ឱ្យដំណើរការឡើងវិញ។​
 
បើតាមនាយករដ្ឋបាលសាលាស្រុកសំរោងទង ស្ពានស្ទឹងតូច ឬស្ពានដែកភ្លើងនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០៨ ក្រោមថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕

សៅ សុខអេង

ads banner