មន្ត្រីជំនាញក្រសួងបរិស្ថានចុះសិក្សាស្រាវជ្រាវផូស៊ីលឈើនៅខេត្តស្ទឹងត្រែង ដើម្បីពង្រឹងការអភិរក្សបេតិកភណ្ឌធម្មជាតិ

ក្រុមការងារជំនាញនៃក្រសួងបរិស្ថាន បានចុះពិនិត្យ សិក្សាស្រាវជ្រាវ និងធ្វើកំណាយផូស៊ីលឈើលើកទី២ នៅតំបន់ភ្នំភូង៉យ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានបេតិកភណ្ឌធម្មជាតិ ឱ្យមានចីរភាព និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

លោក លឹម វណ្ណច័ន្ទ  ប្រធានការិយាល័យនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពកំណាយផូស៊ីលឈើលើកទី១ នៅតំបន់ភ្នំភូង៉យនេះ បានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ គឺបានរកឃើញផូស៊ីលឈើចំនួន ៣ ដែលមានមុខកាត់ប្រមាណ ១ ម៉ែត្រ និងប្រវែងពី១០ ដល់ប្រមាណ ៤០ ម៉ែត្រ។ តាមការវាយតម្លៃបឋម ផូស៊ីលឈើនេះមានអាយុកាលចន្លោះពី ១០ ម៉ឺនទៅ ២លានឆ្នាំ។

ផ្អែកលើលទ្ធផលជាវិជ្ជមាននៃកំណាយលើកទី១ ក្រសួងបរិស្ថានបានបន្តជំរុញសកម្មភាពកំណាយលើកទី២ ក្នុងឆ្នាំ២០២៦ នេះ និងរកឃើញផូស៊ីលដើមឈើប្រវែងជាង៤០ម៉ែត្រនៅក្នុងកន្លែងតែមួយ។ ក្រុមការងារនឹងប្រមូលចងក្រងទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំផែនការការពារទីតាំងបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះឱ្យជៀសផុតពីការបំផ្លិចបំផ្លាញ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជានិងពិភពលោកទាំងមូល។

គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន ៧៨ទីតាំងនៅទូទាំងប្រទេស ក្នុងនោះមាននៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ប៉ៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង។

ក្រៅពីការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងស្ថានីយផូស៊ីល ក្រសួងបរិស្ថានបានអនុវត្តការងារកំណាយផូស៊ីលនៅតាមបណ្តាខេត្តមួយចំនួន រួមមានកំណាយផូស៊ីលឈើនៅស្រុកលំផាត់ ឆ្នាំ២០១៩-២00០, កំណាយផូស៊ីលឆ្អឹងដាយណូស័រដំបូងនៃប្រទេសកម្ពុជា នៅឆ្នាំ២០២២, កំណាយផូស៊ីលឈើនៅភ្នំត្បែង ខេត្តព្រះវិហារ ឆ្នាំ២០២៤ ព្រមទាំងកំណាយផូស៊ីលឈើនៅស្រុកសេសាន លើកទី១ ឆ្នាំ២០២៥ និងកំពុងបន្តក្នុងពេលនេះ។

ការងារទាំងនេះមានគោលបំណងសិក្សាលក្ខណៈផូស៊ីល និងស្រទាប់ដីថ្មដែលផ្ទុកផូស៊ីល ប្រមូលទិន្នន័យ វិទ្យាសាស្ត្រ និងវាយតម្លៃវិធានការអភិរក្សធនធានបេតិកភណ្ឌធម្មជាតិ៕

ads banner