លោក អនុទីន បារម្ភថា គំរូបាតុកម្មនៅបារាំង ក៏អាចមានលទ្ធភាពផ្ទុះឡើងនៅថៃ

បាតុកម្មហិង្សានៅបារាំង ដែលលាយឡំអំពើលួចប្លន់, ការចូលកាន់កាប់អគារ និង ការដុតបំផ្លាញទីតាំងនានា ក៏អាចមានលទ្ធភាពផ្ទុះឡើងដូចគ្នា នៅក្នុងប្រទេសថៃ ទោះបីស្ថានភាពប្រទេសខុសគ្នា។ នេះគឺជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ លោក  Anutin Charnvirakul កាលពីថ្ងៃព្រហស្បតិ៍ ចេញផ្យាយដោយ
thaiexaminer។

ថ្លែងនៅវិមានរដ្ឋាភិបាល, លោក អនុទីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសិក្សាអំពីស្ថានការណ៍ធ្ងន់ធ្ងរ ដែលកើតឡើងនៅបរទេស ទោះបីជាស្ថានភាពនៅក្នុងប្រទេសថៃ មានភាពខុសគ្នាក៏ដោយ ដូច្នេះ ក៏មិនមែនមានន័យថា អាជ្ញាធរមិនអើពើពីរឿងនោះដែរ។

លោកអះអាងថា លោកបានទូរស័ព្ទដោយផ្ទាល់ ទៅកាន់មេបញ្ជាការនគរបាលជាតិ នាយឧត្តមសេនីយ៍ Samran Nuanma ដោយសង្កត់ធ្ងន់លើការបង្កើនការប្រុងប្រយ័ត្ន និង ប្រាកដថា ត្រូវប្រុងប្រៀបជាមុន ទប់ស្កាត់ កុំឲ្យកើតឡើងនៅថៃ។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខជាតិថៃបានកោះប្រជុំមេបញ្ជាការយោធា និងមេបញ្ជាការផ្នែកស៊ើបការណ៍សម្ងាត់ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ។

យ៉ាងណាមិញ លោក អនុទីន មិនបានបញ្ជាក់ពីការគំរាមកំហែងជាក់លាក់ណាមួយ នៅក្នុងប្រទេសថៃ ដែលមានជាប់ពាក់ព័ន្ធនឹងការតវ៉ា នៅក្នុងប្រទេសបារាំងនោះទេ។

ប្រទេសថៃបានណែនាំឱ្យពលរដ្ឋរបស់ខ្លួនពន្យារពេលការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់តំបន់មួយចំនួនក្នុងទ្វីបអឺរ៉ុប។

លោក Sihasak Phungketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានប្រាប់អ្នកសារព័ត៌មាន កាលពីយប់ថ្ងៃពុធ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសអ៊ីតាលីថា «អ្នកដែលធ្វើដំណើរពី ថៃ ទៅកាន់ទ្វីបអឺរ៉ុប ត្រូវតាមដានស្ថានការណ៍ឱ្យបានដិតដល់ ព្រោះស្ថានភាពកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជាពិសេស ប្រទេសបារាំងនៅតែជាចំណុចគួរឱ្យព្រួយបារម្ភ ដោយសារស្ថានការណ៍នៅទីនោះនៅតែបន្តកើតមាន»។

បារាំងកំពុងជួបប្រទះនឹងភាពចលាចលតាមដងផ្លូវដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងបញ្ហាថ្លៃចំណាយក្នុងការរស់នៅ។ មានហាងលក់ទំនិញយ៉ាងហោចណាស់ ៣ពាន់កន្លែងត្រូវបានខូចខាត ឬ ត្រូវគេចូលលួចប្លន់។

ជាវិធានការទប់ស្កាត់, អាជ្ញាធរបារាំងបានដាក់ចេញនូវបម្រាមគោចរ និងដាក់ពង្រាយកងកម្លាំង ដើម្បីត្រៀមទប់ទល់នឹងការតវ៉ាថ្មីៗ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា។

ទន្ទឹមនឹងនេះ ជម្លោះតូចតាចក៏បានផ្ទុះឡើង នៅអ៊ីតាលី និង បែលហ្ស៊ិក ហើយការតវ៉ាក៏កំពុងរីករាលដាល នៅក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ផងដែរ៕

ប្រភព ៖ thaiexaminer_AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner