អឺរ៉ុប និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងរ៉ែសំខាន់ៗ
ព្រុចសែល ៖ សហភាពអឺរ៉ុប និងវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម ការវិនិយោគ និង រ៉ែសំខាន់ៗ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាម លោក To Lam ទៅកាន់ទីក្រុងព្រុចសែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។
បើតាមប្រភព, ភាគីទាំងពីរបានអំពាវនាវឱ្យមាន “ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម និងការអនុម័តយ៉ាងឆាប់រហ័សនៃកិច្ចព្រមព្រៀងការពារការវិនិយោគ”។ ក្រៅពីនេះ ក៏បានយល់ព្រម ធ្វើការឆ្ពោះទៅរកការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវត្ថុធាតុដើមសំខាន់ៗ និងពង្រឹងចំណងទាក់ទងក្នុងបច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរបៃតង។
ជុំវិញការការពារជាតិ, សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ពី សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខស្របតាមច្បាប់ អាទិភាព និងគោលនយោបាយរៀងៗខ្លួន។
បើតាម anadolu, ថ្នាក់ដឹកនាំវៀតណាម និងអឺរ៉ុប ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស , សារៈសំខាន់នៃពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ព្រមទាំង សណ្តាប់ធ្នាប់អន្តរជាតិដែលមានមូលដ្ឋានលើច្បាប់ ផងដែរ៕
ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត