លោក ពូទីន ថា ការចរចាត្រូវផ្តោតលើសន្តិសុខសម្រាប់រុស្ស៊ី អ៊ុយក្រែន និងអឺរ៉ុបទាំងមូល
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការចរចានាពេលអនាគតដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន គួរតែផ្តោតលើការធានាសន្តិសុខសម្រាប់ប្រទេសទាំងពីរ និងក្របខ័ណ្ឌសន្តិសុខរួមសម្រាប់ទ្វីបអឺរ៉ុបទាំងមូល។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ី នៅមួយថ្ងៃបន្ទាប់ពីបានជួបជាមួយលោក Steve Witkoff ដែលជាបេសកជនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក, លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ហើយក្នុងការបន្តការចរចាជាមួយអ៊ុយក្រែនឡើងវិញនៅខែក្រោយ ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល។
លោកបានរំលឹកឡើងវិញនូវគោលនយោបាយដ៏យូរលង់របស់វិមានក្រឹមឡាំងថា រុស្ស៊ីមិនដែលចង់បង្កសង្គ្រាមនោះទេ ប៉ុន្តែ បានជួបប្រទះនឹងប្រតិកម្មអរិភាពពីអ៊ុយក្រែនលើបញ្ហាសំខាន់ៗដែលទីក្រុងមូស្គូព្រួយបារម្ភ។
លោកបាននិយាយថា ការចរចាលើបញ្ហាផ្សេងៗអាចនាំទៅរកលទ្ធផលវិជ្ជមាន ប៉ុន្តែរុស្ស៊ីនៅតែប្រកាន់ខ្ជាប់នូវគោលបំណងស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ ជាជាងគ្រាន់តែជាបទឈប់បាញ់រយៈពេលខ្លីប៉ុណ្ណោះ។
លោក ពូទីន បានមានប្រសាសន៍ថា «គោលដៅនៃការចរចាទាំងនេះ គឺដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែន និងរុស្ស៊ី បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងសន្តិភាពក្នុងទម្រង់ចុងក្រោយ»។
ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា លោក Witkoff ក៏បានសង្កត់ធ្ងន់ដែរថា ការពិភាក្សាត្រូវតែពង្រីកទៅដល់ «រចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបទាំងមូល។ ហើយខ្ញុំក៏យល់ស្របនឹងចំណុចនេះដែរ។ ចាំមើលទាំងអស់គ្នាថា តើស្ថានការណ៍នឹងវិវត្តទៅជាយ៉ាងណានៅប៉ុន្មានថ្ងៃខាងមុខនេះ»។
បើតាម reuters,
កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីជំរុញការចរចា បានជាប់គាំងនៅក្នុងខែកុម្ភៈ នៅពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានផ្ទុះឡើង។ បញ្ហាជាច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែនផ្តោតលើទឹកដី ដោយរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនប្រគល់តំបន់ដុនបាស (Donbas) ទាំងអស់នៅភាគខាងកើត៕
ប្រភព ៖ reuters ប្រែសម្រួល ៖ សារ៉ាត