អ្នកស្រាវជ្រាវអាមេរិក ៖ អារ៉ាប៊ីសាអូឌីត កំពុងពង្រីករោងចក្រផលិតមីស៊ីលផ្លោងដ៏មានឥទ្ធិពល
រីយ៉ាដ ៖ ប្រទេសអារ៉ាប៊ីសាអូឌីត ទំនងជាកំពុងពង្រីករោងចក្រផលិតមីស៊ីលផ្លោងរបស់ខ្លួន ដើម្បីអាចផលិតមីស៊ីលប្រើឥន្ធនៈរឹងដែលមានទំហំធំជាងមុន និងអាចបាញ់បានចម្ងាយឆ្ងាយជាងមុន ឬផ្ទុកក្បាលគ្រាប់ដែលមានទម្ងន់ធ្ងន់ជាងមុន នេះបើយោងតាមការសិក្សារបស់អ្នកស្រាវជ្រាវអាមេរិកពីរនាក់ ដោយផ្អែកលើរូបភាពផ្កាយរណបពាណិជ្ជកម្ម ដែលប្រមូលបានក្នុងរយៈពេលជាងមួយឆ្នាំ ។
ការពង្រីករោងចក្រផលិតមីស៊ីលផ្លោងនេះ ត្រូវបានរំពឹងថា នឹងអាចជួយឱ្យអារ៉ាប៊ីសាអូឌីតពង្រឹងសមត្ថភាពទប់ស្កាត់ការវាយប្រហារពីអ៊ីរ៉ង់ និងកាត់បន្ថយការពឹងផ្អែកលើអាវុធពីបរទេស ជាពិសេសជួយពង្រឹងសមត្ថភាពយោធារបស់ប្រទេសស្តេចប្រេងនៅមជ្ឈិមបូព៌ាមួយនេះ ចំពេលមានជម្លោះជាមួយក្រុមហ៊ូធីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ។
បើតាម Straits Times, រូបភាពដែលថតដោយក្រុមហ៊ុន Planet Labs របស់សហរដ្ឋអាមេរិក ចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញពីការសាងសង់បន្ថែមនៅបរិវេណរោងចក្រផលិតមីស៊ីល Al-Duwadimi របស់អារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រភាគខាងលិចទីក្រុងរីយ៉ាដ ។
ទន្ទឹមគ្នា អ្នកស្រាវជ្រាវ និងអ្នកជំនាញមកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ហៅកាត់ IISS បញ្ជាក់ថា រោងចក្រ Al-Duwadimi ប្រហែលជាពឹងផ្អែកលើបច្ចេកវិទ្យារបស់ប្រទេសចិន ពីព្រោះលក្ខណៈរចនាសម្ព័ន្ធរបស់រោងចក្រនេះ ហាក់មានភាពស្រដៀងគ្នាទៅនឹងរោងចក្រផលិតមីស៊ីលមួយចំនួនរបស់ចិនផងដែរ ។
បើតាមអ្នកស្រាវជ្រាវ, អារ៉ាប៊ីសាអូឌីតប្រហែលកំពុងផលិតមីស៊ីលផ្លោង DF-15 ដោយយកគំរូតាមមីស៊ីលរបស់ចិន ដែលប្រើឥន្ធនៈរឹង ហើយការពង្រីករោងចក្រ Al-Duwadimi អាចនឹងមានគោលបំណងផលិតមីស៊ីលផ្លោង DF-21 ដែលមានចម្ងាយបាញ់ឆ្ងាយជាងមុន ឬប្រព័ន្ធមីស៊ីលប្រហាក់ប្រហែលគ្នា ។
យ៉ាងណា ការបញ្ចេញរបាយការណ៍អំពីរោងចក្រផលិតមីស៊ីលផ្លោងនេះ ត្រូវបានរំពឹងថា អាចនឹងបង្កើនការប្រកួតប្រជែងមីស៊ីលនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាបង្កើនការព្រួយបារម្ភនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
