វិមានក្រឹមឡាំង ស្វាគមន៍ជំទាវទី១ អាមេរិក ចូលខ្លួនសម្របសម្រួលឱ្យមានបទឈប់បាញ់ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

មូស្គូ ៖ វិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ បានសម្តែងការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវទី១ Melania Trump ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ ដើម្បីបើកផ្លូវឱ្យមានលំហួរជំនួយមនុស្សធម៌ និងការជម្លៀសជនស៊ីវិលចេញពីទីក្រុង Oleshky ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ។

នេះរឿងដ៏កម្របំផុត ដែលលោកជំទាវទី១របស់សហរដ្ឋអាមេរិក ចូលខ្លួនដោយផ្ទាល់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់នៅក្រៅប្រទេស ដោយសារជាទូទៅ ភរិយារបស់ប្រធានាធិបតីអាមេរិក ផ្តោតតែលើបញ្ហាក្នុងស្រុក ពិធីការ ឬកិច្ចការសង្គមប៉ុណ្ណោះ ។

ចំណែកទីក្រុង Oleshky ដែលស្ថិតនៅជិតខ្សែត្រៀមជួរមុខក្នុងតំបន់ Kherson ជាតំបន់ដែលបានបោះឆ្នោតចូលរួមជាមួយរុស្ស៊ីនៅក្នុងការធ្វើប្រជាមតិកាលពីឆ្នាំ ២០២២ ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងពីការផ្គត់ផ្គង់ចាំបាច់ និងសេវាកម្មមូលដ្ឋានជាច្រើនខែមកហើយ ក្រោមការឡោមព័ទ្ធដោយកងកម្លាំងអ៊ុយក្រែន ។

ហើយការវាយប្រហារដោយយន្តហោះដ្រូន និងការបង្កប់គ្រាប់មីន បានរារាំងដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ និងកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជន ដែលបណ្តាលឱ្យជនស៊ីវិលប្រមាណ ១,៥០០ ទៅ ២,០០០ នាក់ជាប់គាំងនៅក្នុងទីក្រុងនេះ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃសុក្រ និយាយថា មន្ត្រីយោធារុស្ស៊ី និងអ៊ុយក្រែនកំពុងសម្របសម្រួលពេលវេលា និងលក្ខខណ្ឌនៃបទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យលំហួរជំនួយមនុស្សធម៌អាចប្រព្រឹត្តទៅបាន ។

លោក Peskov បញ្ជាក់ថា ជនស៊ីវិលដែលមានបំណងចាកចេញពីទីក្រុង Oleshky នឹងអាចជម្លៀសចេញបាន ។ យ៉ាងណា ប្រតិបត្តិការនេះតម្រូវឱ្យមានការរៀបចំយ៉ាងទូលំទូលាយ និងស្មុគស្មាញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ហើយអាចចំណាយពេលច្រើនថ្ងៃ ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក, លោកជំទាវទី១ Melania Trump និងលោកប្រធានាធិបតី Donald Trump ចំពោះការចូលរួមចំណែកក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នេះ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner