អាមេរិក ចង់ប្រើ AI បង្កើនប្រសិទ្ធភាពចាក់សាំងឱ្យយន្តហោះតាមអាកាស
វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកកំពុងស្វែងរកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយវិភាគប្រតិបត្តិការចាក់សាំងឱ្យយន្តហោះនៅលើអាកាស និងផ្តល់មតិកែលម្អដល់ក្រុមអាកាសយានិក ក្រោយបញ្ចប់ការហោះហើរ។
បើតាម Defense News, ប្រព័ន្ធ AI ថ្មីនេះ គ្រោងបង្កើតឡើងក្នុងគោលបំណងបង្កើនភាពជាក់លាក់ សុវត្ថិភាព និងកាត់បន្ថយបន្ទុកការងាររបស់ពីឡុត និងបុគ្គលិកបញ្ជាទុយោចាក់ប្រេង ក្នុងអំឡុងពេលផ្ទេរប្រេងពាក់កណ្តាលអាកាស។
ប្រព័ន្ធ AI នេះ នឹងប្រើប្រាស់កាមេរ៉ាដែលបំពាក់លើជំនួយការហោះហើរ ដើម្បីតាមដាន និងកំណត់ទីតាំងរបស់យន្តហោះចាក់សាំង និងយន្តហោះដែលត្រូវទទួលប្រេងដោយស្វ័យប្រវត្តិ។
ប្រព័ន្ធ AI នេះដែរ នឹងជួយវាស់ស្ទង់ចម្ងាយ ល្បឿន និងមុំតម្រឹមរវាងយន្តហោះទាំងពីរ ដើម្បីធានាថា ការតភ្ជាប់ទុយោចាក់ប្រេងដំណើរការទៅដោយរលូន និងមិនមានគ្រោះថ្នាក់។
ប្រភពដដែលឱ្យដឹងថា ក្រោយពេលចាក់ប្រេងរួច ប្រព័ន្ធ AI នេះទៀតសោត នឹងបង្កើតទិន្នន័យក្រាហ្វិក រួមទាំងផែនទីកម្ដៅ ដើម្បីបង្ហាញពីចំណុចខ្វះខាត និងជួយបង្វឹកសមត្ថភាពពីឡុតបន្ថែម។
បច្ចុប្បន្ន កងទ័ពអាកាសអាមេរិកកំពុងមានគោលដៅបញ្ចូលបច្ចេកវិទ្យានេះ ទៅក្នុងកងយន្តហោះចាក់ប្រេងធុនធំ ដូចជា KC-46 Pegasus និង KC-135 Stratotanker ដោយរំពឹងថា នឹងសម្រេចបានសមត្ថភាពប្រតិបត្តិការពេញលេញនៅត្រឹមឆ្នាំ ២០២៧ខាងមុខ៕
ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា
