ជប៉ុន ពង្រាយប្រព័ន្ធមីស៊ីលបាញ់ចម្ងាយ ១,០០០ គីឡូម៉ែត្រ ក្នុងសមយុទ្ធយោធាជាមួយ អាមេរិក លើកដំបូង
តូក្យូ ៖ ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃអាទិត្យ បានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ Type-25 ដែលអាចបាញ់បានចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រ ក្នុងសមយុទ្ធយោធារួមគ្នាជាមួយអាមេរិកជាលើកដំបូង ។
ការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះ ត្រួវបានគេមើលឃើញថា ជាការបញ្ចេញសាច់ដុំយោធា ក្នុងការពង្រឹងសមត្ថភាពកងទ័ពរបស់ជប៉ុន ដើម្បីត្រៀមខ្លួនវាយប្រហារតបតទៅលើគោលដៅសត្រូវ ប្រសិនបើទីក្រុងតូក្យូវាយតម្លៃថា ខ្លួនកំពុងប្រឈមមុខនឹងការវាយប្រហារដោយអាវុធ ។
បើតាម Straits Times, ប្រព័ន្ធមីស៊ីល Type-25 គឺជាប្រភេទមីស៊ីលនាំផ្លូវប្រឆាំងនាវា ដែលផលិតក្នុងស្រុក និងបាញ់ចេញពីប្រព័ន្ធបាញ់ចល័តដែលបំពាក់លើរថយន្ត ។
មីស៊ីលនេះត្រូវបានរាយការណ៍ថា អាចហោះទម្លុះមេឃក្នុងចម្ងាយប្រហែល ១.០០០ គីឡូម៉ែត្រ ពោលគឺវាអាចវាយប្រហារដល់តំបន់ឆ្នេរមួយចំនួនរបស់ប្រទេសចិន ។
ប្រព័ន្ធមីស៊ីល Type-25 ត្រូវបានកងកម្លាំងស្វ័យការពារជប៉ុនដឹកជញ្ជូនទៅកាន់ទីតាំងបាញ់ក្នុងតំបន់ហ្វឹកហ្វឺន Onohara ដែលស្ថិតនៅចន្លោះខេត្តណាហ្គាសាគី និងខេត្តសាហ្គា កាលពីថ្ងៃអាទិត្យ ដោយតម្រង់ទៅទិសនិរតីសម្រាប់ការហ្វឹកហាត់បាញ់សាកល្បង ។
ល្បែងសង្គ្រាមរវាងជប៉ុន-អាមេរិកនេះមានឈ្មោះថា «Keen Sword» បានចាប់ផ្តើមនៅថ្ងៃទី១៩ ខែតុលា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែតុលាខាងមុខ ។
សមយុទ្ធនេះមានការចូលរួមពីកងកម្លាំងស្វ័យការពារជប៉ុនប្រមាណ ៤៥.០០០ នាក់ និងកងទ័ពអាមេរិកប្រមាណ ១២.០០០ នាក់ ព្រមទាំងប្រទេសចំនួន ៧ ផ្សេងទៀត រួមទាំងអូស្ត្រាលី ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
