អាមេរិក ថា បានជួយប្រទេសដៃគូនាំចេញប្រេង ១,៥ពាន់លានបារ៉ែល បើកឆ្លងកាត់ច្រក Hormuz
ហ័រមូស ៖ បញ្ជាការដ្ឋានកណ្តាលអាមេរិក ហៅកាត់ CENTCOM កាលពីថ្ងៃអាទិត្យបានថ្លែងថា ខ្លួនបានជួយបណ្តាប្រទេសដៃគូ នៅតំបន់សមុទ្រពែក្ស អាចនាំចេញប្រេងឆៅជាង ១,៥ ពាន់លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីរដូវក្តៅមក ដោយជៀសផុតពីការបិទខ្ទប់របស់អ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបង្ហោះលើបណ្តាញសង្គម X, បញ្ជាការដ្ឋានកណ្តាល CENTCOM រៀបរាប់ថា «កងកម្លាំងសហរដ្ឋអាមេរិកបានសម្រេចសមិទ្ធផលសំខាន់មួយ ក្នុងការជួយដៃគូតំបន់កាត់សមុទ្រពែក្សនាំចេញប្រេងឆៅជាង ១,៥ លានបារ៉ែល ចាប់តាំងពីរដូវក្តៅមក»។
CENTCOM បានបន្ថែមថា «នាវាពាណិជ្ជកម្មជាង ៣ពាន់គ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ ក្រោមការគាំទ្រពីកងកម្លាំង CENTCOM ក្នុងរយៈពេល ៦ខែចុងក្រោយនេះ» ដោយបានបញ្ជាក់ទៀតថា «ជាង ៩៥% នៃនាវាដែលធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz បានបើកបរដោយសុវត្ថិភាព»។
បើតាម AFP, ប្រទេសអ៊ីរ៉ង់បានគ្រប់គ្រងផ្លូវទឹកដ៏សំខាន់មួយនេះ ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ជាមួយនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលទៅលើសាធារណរដ្ឋឥស្លាមមួយនេះ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត