អ៊ុយក្រែន ជំរុញ អាមេរិក ពន្លឿនការផ្គត់ផ្គង់មីស៊ីលរបស់សំណាញ់មេឃ Patriot ខណៈ រុស្ស៊ី បង្កើនការវាយប្រហារ
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ទីក្រុងកៀវកំពុងបន្តជំរុញឱ្យអាមេរិកពន្លឿនការអនុម័តផ្គត់ផ្គង់មីស៊ីលស្ទាប់ចាប់របស់សំណាញ់មេឃ Patriot និង NASAMS ខណៈដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល មុនរដូវរងាមកដល់ ។
បើតាម Kyiv Post, មេដឹកនាំអ៊ុយក្រែនរូបនេះ បានត្អួញត្អែរតាមបណ្តាញសង្គម X ថា អ៊ុយក្រែនបានរង់ចាំជិតមួយខែហើយ ដើម្បីឱ្យរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក ភីត ហេកសេត ចុះហត្ថលេខាអនុម័តលើការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot និង NASAMS ។
ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានណែនាំក្រុមការងារឱ្យលើកយកបញ្ហានេះជាថ្មីទៅកាន់ភាគីអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទស្តីពីការផ្គត់ផ្គង់អាវុធ និងការស្តារវិស័យថាមពលរបស់អ៊ុយក្រែនឡើងវិញ ។
ក្រៅពីការចរចាជាមួយអាមេរិក ប្រធានាធិបតីអ៊ុយក្រែនរូបនេះនិយាយថា ទីក្រុងកៀវកំពុងពិភាក្សាជាមួយបណ្តាប្រទេសអឺរ៉ុប និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីទទួលបានមីស៊ីលស្ទាក់ចាប់បន្ថែម ជាពិសេសមីស៊ីលប្រភេទ PAC-2 និង PAC-3 របស់ប្រព័ន្ធខែលការពារដែនអាកាស Patriot ។
ការត្អួញត្អែររបសលោក ហ្សេលេនស្គី ត្រូវបានកើតឡើងបន្ទាប់ពីមេដឹកនាំអ៊ុយក្រែនរូបនេះ បានទម្លាយថា ទីក្រុងកៀវទទួលបានមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ត្រឹមតែ ២៤ គ្រាប់ប៉ុណ្ណោះពីអាមេរិក ក្នុងរយៈពេល ៩០ ថ្ងៃ ខណៈតម្រូវការរបស់អ៊ុយក្រែនជាមធ្យមចំនួន ៣៥០ គ្រាប់ក្នុងមួយខែ ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ី ។
ការខ្វះខាតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ង NASAM កំពុងក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់អ៊ុយក្រែន ខណៈប្រទេសនេះត្រូវការមីស៊ីលការពារដែនអាកាសបន្ថែម ដើម្បីទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅមុន និងអំឡុងរដូវរងា៕
ប្រភព ៖ Kyiv Post ប្រែសម្រួល ៖ ឈឹម ទីណា
