បន្ទាប់ពីរង់ចាំ ១៦ឆ្នាំ៖ កីឡាជនពិការកម្ពុជាបើកទំព័រថ្មី ជាមួយការរំពឹងទុកដណ្ដើមមេដាយជាបន្តបន្ទាប់

បន្ទាប់ពីចំណាយពេលខិតខំនិងរង់ចាំអស់រយៈពេល ១៦ឆ្នាំ ទីបំផុតប្រតិភូ និងអត្តពលិកកីឡាជនពិការកម្ពុជា បាននាំយក មេដាយសំរឹទ្ធ​ជា​ប្រវត្តិសាស្ត្រ ដំបូងបង្អស់ពីព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន មកដល់មាតុភូមិ​វិញកាលពីល្ងាចថ្ងៃទី២៧ ខែតុលា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

ទាក់ទងនឹងជ័យជម្នះរបស់អត្តពលិកកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅប្រទេសជប៉ុនឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា ជ័យជម្នះនេះមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងធ្វើឱ្យប្រធានប៉ារ៉ាឡាំពិកអាស៊ី លើកសរសើរកម្ពុជាចំពោះសក្តានុពលដ៏ខ្លាំងក្លា ដែលកំពុងបោះជំហានទៅមុខក្នុងការដណ្តើម​មេដាយ​ជាបន្តបន្ទាប់​នាពេលអនាគត។

ម្ចាស់មេដាយសំរឹទ្ធជាប្រវត្តិសាស្ត្រ លើវិញ្ញាសាអត្តពលកម្មប្រណាំងរទេះកីឡាករ វ៉ាន វ៉ុន បានបង្ហាញអារម្មណ៍រំភើបរីករាយ។ លោកបាន​បញ្ជាក់ថា មេដាយមួយគ្រឿងនេះ កើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់ ការតស៊ូពុះពារ និងការមិនបោះបង់គោលដៅអស់រយៈពេលជា​ច្រើនឆ្នាំ ព្រមទាំងការយកចិត្តទុកដាក់បំពាក់រទេះប្រណាំងស្តង់ដារពីសំណាក់ថ្នាក់ដឹកនាំ។

គួររំលឹកថា កម្ពុជាបានចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមចំនួន ៤លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១០ នៅក្វាងចូវ ប្រទេសចិន, ឆ្នាំ២០១៤ នៅកូរ៉េខាងត្បូង, ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងឆ្នាំ២០២៣ នៅហាំងចូវ ប្រទេសចិនដោយមិនធ្លាប់ទទួលបានមេដាយឡើយ។ ប៉ុន្តែនៅក្នុងការចូលរួមលើកទី៥ ឆ្នាំ២០២៦ នេះ អត្តពលិកកម្ពុជាបានបង្កើតទំព័រប្រវត្តិសាស្ត្រថ្មី ដោយ​ដណ្តើមបានមេដាយសំរឹទ្ធ​ជាលើកដំបូង។ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន កម្ពុជាបានបញ្ជូនអត្តពលិកចូលរួមប្រកួត​លើ៥​ប្រភេទកីឡា និងដណ្តើមបានមេដាយសំរឹទ្ធចំនួន១គ្រឿង ដោយកីឡាករ វ៉ាន វ៉ុន លើវិញ្ញាសាអត្តពលកម្មប្រណាំងរទេះ៕

ដោយ៖ជាវ ចន្ធូ
រូបភាព៖ជីម ភារ៉ា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner