មជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិផ្នែកវេជ្ជសាស្ត្រសត្វ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

មជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិសម្រាប់ការអប់រំផ្នែកវេជ្ជសាស្ត្រសត្វ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងអង្គការ Worldwide Veterinary Service Cambodia (WVS) ក្នុងគោលបំណងពង្រឹងការបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រសត្វ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះ។
 
ក្នុងពិធីសម្ពោធកាលពីថ្ងៃទី២៣តុលា ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការបង្កើតមជ្ឈមណ្ឌលនេះ គឺជាការបោះជំហានថ្មីមួយក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រសត្វ ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់សុខុមាលភាពសត្វ និងការពារសុខភាពសាធារណៈនៅកម្ពុជា។
 
បើតាមឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម អង្គការ WVS Cambodia បានរួមចំណែកផ្តល់អគារមជ្ឈមណ្ឌលនេះ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញជាក់ស្តែង។ គិតមកទល់ពេលនេះ សត្វសុនខចំនួន ១ ០៧០ ក្បាលត្រូវបានវះកាត់ក្រៀវតាមរយៈសកម្មភាពគ្លីនិក និងការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌល។
 
ចំណែកលោកស្រី Martina Mayr នាយិកាប្រចាំប្រទេសនៃអង្គការ WVS Cambodia បានបញ្ជាក់ថា គោលបំណងសំខាន់របស់មជ្ឈមណ្ឌល គឺបង្កើតឱកាសឱ្យនិស្សិត អ្នកជំនាញវេជ្ជសាស្ត្រសត្វ និងសិក្ខាកាមអន្តរជាតិ រៀនសូត្រ ចែករំលែកបទពិសោធន៍ និងអនុវត្តជំនាញគ្លីនិកផ្ទាល់ ក្រោមការណែនាំពីគ្រូបង្គោលដែលមានបទពិសោធន៍។
 
កម្ពុជាមានគោលដៅអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ តាមរយៈការបណ្តុះបណ្តាលអ្នកជំនាញដែលមានចំណេះដឹងរឹងមាំ សីលធម៌វិជ្ជាជីវៈ និងសមត្ថភាពប្រកួតប្រជែងអន្តរជាតិ។ ការពង្រឹងសមត្ថភាពនេះមានសារៈសំខាន់ចំពោះការលើកកម្ពស់សុខុមាលភាពសត្វ សុវត្ថិភាពចំណីអាហារ និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។
 
សម្រាប់ក្រសួងកសិកម្ម ការបង្កើតមជ្ឈមណ្ឌលនេះនឹងរួមចំណែកបណ្តុះបណ្តាលអ្នកជំនាញវេជ្ជសាស្ត្រសត្វជំនាន់ថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងដៃគូជាតិ-អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់ក្នុងវិស័យសុខភាពសត្វនៅកម្ពុជា៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner