ស៊ីម៉ាក់ចុះ MOU ជាមួយ APOPO ក្នុងគម្រោងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅតាមព្រំដែន
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នារវាងអង្គភាពទាំងពីរ ដើម្បីអនុវត្តគម្រោងគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ការចុះហត្ថលេខានេះធ្វើឡើងនៅទីបញ្ជាការកណ្តាល CMAC រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ យោងតាមឯកឧត្តម ហេង រតនា គម្រោងនេះមានរយៈពេលអនុវត្តចំនួន ១៨ខែ គឺចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៨ ដោយមានថវិកាគាំទ្រគម្រោងចំនួន ១លាន ៦សែនអឺរ៉ូ ឬប្រមាណ ១លាន ៨សែនដុល្លារអាម៉េរិក ដែលជាជំនួយឥតសំណងរបស់សហភាពអឺរ៉ុប (EU)។
អគ្គនាយក CMAC សង្កត់ធ្ងន់ថា ការអនុវត្តគម្រោងនេះនឹងរួមចំណែកដល់ការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម នៅតាមតំបន់រងផលប៉ះពាល់ ពង្រឹងសុវត្ថិភាពសហគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងនេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងដៃគូអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបន្តគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា អង្គការ APOPO គឺជាដៃគូអន្តរជាតិដ៏សំខាន់មួយរបស់អង្គភាព CMAC ក្នុងការងារបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមចាប់តាំងពីឆ្នាំ២០១៤មក។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះផ្ទៃដីពីការគំរាមកំហែងដោយសំណល់យុទ្ធភណ្ឌផ្ទុះ ជាពិសេសតំបន់គ្រាប់បែកចង្កោមរបស់ថៃឈ្លានពានក្នុងសង្គ្រាមឆ្នាំ២០២៥ ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការបោសសម្អាតមីន រួមទាំងការប្រើប្រាស់សុនខ និងកណ្តុរហិតមីនក្នុងប្រតិបត្តិការមនុស្សធម៌។
តាមរយៈគម្រោងនេះ អង្គភាព CMAC និងអង្គការ APOPO ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់ជំនាញ បទពិសោធន៍ និងសមត្ថភាពបច្ចេកទេស ដើម្បីពន្លឿនការស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ការការពារអាយុជីវិតប្រជាពលរដ្ឋ ការស្តារសហគមន៍ និងការលើកកម្ពស់សន្តិសុខមនុស្សនៅតាមបណ្តាខេត្តជាប់ព្រំដែនរបស់កម្ពុជា៕
សេង បារាំង AMS








