លោក Netanyahu ថា អាវុធនុយក្លេអ៊ែរនឹងកម្ទេច អ៊ីស្រាអែល បើលោកចាញ់ឆ្នោត
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញការព្រមានធ្ងន់ៗថា អាវុធនុយក្លេអ៊ែរនឹងចូលមកកម្ទេចប្រទេសមួយនេះ ប្រសិនបើជាលោកចាញ់ការបោះឆ្នោត នៅថ្ងៃអង្គារ ទី២៧ ខែតុលា នេះ។
តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ, លោក Benjamin Netanyahu បានបញ្ចេញ រូបភាព AI ដែលបានបង្ហាញពីការវាយប្រហារអាវុធនុយក្លេអ៊ែរ ទៅលើទីក្រុង Tel Aviv ឆេះខ្ទេចខ្ទីយ៉ាងសន្ធោសន្ធៅ ព្រមទាំង ព្រមានអំពីអំពើប្រល័យពូជសាសន៍ លើកទីពីរ ដែលបង្កឡើងដោយអ៊ីរ៉ង់ ទៀតផង។
លោកអះអាងថា គ្មានអ្វីសំខាន់ជាង ការទប់ស្កាត់ អ៊ីរ៉ង់ មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ នោះទេ។ លោកថែមទាំងប្រកាសច្រានចោល នូវអ្វី ដែលលោកហៅថា ភាពចម្រូងចម្រាសនានាជុំវិញរដ្ឋាភិបាល ដោយលោកចោទថា គ្រាន់តែជាល្បិចបន្លំភ្នែកដ៏ធំមួយ បង្កើតឡើងដើម្បីបិទបាំងបញ្ហាសំខាន់ៗប៉ុណ្ណោះ។
បើតាម timesofisrael, លោក Netanyahu ត្រូវបានក្រុមអ្នករិះគន់ចោទប្រកាន់ថា បានព្យាយាមបង្កភាពរញ៉េរញ៉ៃ ដើម្បីជំរុញឲ្យមានសង្គ្រាមជាថ្មីទល់នឹងអ៊ីរ៉ង់ ក្នុងបំណងជះឥទ្ធិពល ឬ ពន្យារពេលការបោះឆ្នោត។
ជុំវិញការព្រមានដែលថា អាវុធនុយក្លេអ៊ែរនឹងកម្ទេច អ៊ីស្រាអែល ទាំងមូល, ប្រធានគណបក្ស Yashar លោក Gadi Eisenkot បានវាយបកយ៉ាងខ្លាំងៗ លើលោក Netanyahu ចំពោះការបង្ហោះនេះ ដោយចោទប្រកាន់លោក Netanyahu ថា បានបង្កើតបរិយាកាសភ័យខ្លាចនៅមុនការបោះឆ្នោត។
លោក Eisenkot បានសរសេរនៅលើ X ថា «តាមរយៈការគំរាមកំហែង ប្រជាពលរដ្ឋអ៊ីស្រាអែល ជាមួយនឹងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំបែបនេះ, លោក Netanyahu ពិតជាភ័យស្លន់ស្លោ និង ជ្រុលនិយមខ្លាំងណាស់ ហើយរឿងនេះកើតឡើង បន្ទាប់ពីលោកបានបរាជ័យក្នុងការសម្រេចគោលដៅនៃសង្គ្រាមនៅអ៊ីរ៉ង់»។
ជាមួយគ្នានេះ, ប្រធានគណបក្ស Democrats លោក Yair Golan ឲ្យស្នើឲ្យដកលោក Netanyahu ចេញពីបណ្តាញសង្គម ដោយអះអាងថា បុរសវ័យ៧៧ឆ្នាំម្នាក់នេះ បានបាត់បង់ម្ចាស់ការ ឬ បាត់បង់ស្មារតីហើយ ព្រោះ សម្ពាធកំពុងតែកើនឡើង។
លោក Yair Golan បានបន្ថែមថា «នៅថ្ងៃអង្គារ យើងនឹងឡើងគ្រប់គ្រង ជំនួសអ្នកដែលបង្កើតភាពភ័យខ្លាចទាំងនេះ ហើយស្តារសន្តិសុខ និងសតិសម្បជញ្ញៈឡើងវិញជូនប្រទេសអ៊ីស្រាអែល»៕
ប្រភព ៖ timesofisrael, ប្រែសម្រួល ៖ សារ៉ាត