កម្ពុជា បដិសេធការអះអាងរបស់ថៃលើប្រាសាទខ្នារ និងតាក្របី ដោយបញ្ជាក់ថា សូម្បីតែផែនទីឯកតោភាគីរបស់ថៃខ្លួនឯងក៏បង្ហាញថា សម្បត្តិបេតិកភណ្ឌទាំងនេះស្ថិតក្នុងដីខ្មែរដែរ
ក្រសួងវប្បធម៌កម្ពុជា បានបដិសេធដាច់អហង្ការចំពោះការទាមទាររបស់ថៃលើប្រាសាទខ្នារ និងតាក្របី ដោយបញ្ជាក់ថា សូម្បីតែផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថាប្រាសាទទាំងពីរនេះស្ថិតលើដីខ្មែរ ព្រមទាំងទាមទារឱ្យថៃប្រគល់វត្ថុបុរាណដែលបានដឹកយកទៅនោះត្រឡប់មកវិញជាបន្ទាន់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៧ តុលា ដោយបដិសេធយ៉ាងដាច់អហង្ការ ចំពោះអំណះអំណាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី សាប៊ីដា ថៃសេដ្ឋ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Khaosod។ ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីថៃរូបនេះបានអះអាងថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ព្រមទាំងបានចុះបញ្ជីជាបេតិកភណ្ឌជាតិថៃ និងបដិសេធប្រគល់វត្ថុសិល្បៈដែលបានយកចេញពីតំបន់ប្រាសាទទាំងនោះមកឱ្យកម្ពុជាវិញ ដោយយកលេសថា ជាការប្រមូលដើម្បីជួសជុល និងអភិរក្ស។
ក្រសួងវប្បធម៌កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទខ្នារ ប្រាសាទតាក្របី ព្រមទាំងប្រាសាទមួយចំនួនទៀតនៅតាមបណ្តោយព្រំដែន ដែលកំពុងត្រូវយោធាថៃគ្រប់គ្រងដោយខុសច្បាប់ គឺជាសំណង់ដែលកសាងឡើងដោយបុព្វបុរសខ្មែរ និងស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របតាមផែនទីមាត្រដ្ឋាន ១:២០០ ០០០ នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ សុពលភាពនៃផែនទីនេះ ត្រូវបានទទួលស្គាល់ និងបញ្ជាក់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលភាគីថៃធ្លាប់បានទទួលស្គាល់។ លើសពីនេះ បើទោះបីជាពិនិត្យលើផែនទីសេរី L7017 ដែលយោធាថៃគូសឡើងជាឯកតោភាគីដោយខុសច្បាប់ក៏ដោយ ក៏ផែនទីនេះនៅតែបង្ហាញថា ប្រាសាទទាំងនោះស្ថិតក្នុងទឹកដីកម្ពុជាដដែល។
ក្រសួងវប្បធម៌ បានសង្កត់ធ្ងន់ថា ការចាត់វិធានការរដ្ឋបាលរបស់ថៃ ដូចជាការចុះបញ្ជីប្រាសាទទាំងនេះក្នុងបញ្ជីបេតិកភណ្ឌថៃ និងការគ្រប់គ្រងដោយគ្មានការឯកភាពពីកម្ពុជា គឺជាចេតនាបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង ដែលគ្មានតម្លៃផ្លូវច្បាប់ក្រោមបទដ្ឋានអន្តរជាតិឡើយ។ ចំណែកសកម្មភាពប្រមូលយកវត្ថុសិល្បៈចេញពីតំបន់ប្រាសាទ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ អនុសញ្ញាឆ្នាំ១៩៧២ និងបទដ្ឋាន UNESCO ព្រមទាំងរំលោភលើប្រការ៥ នៃស្មារតីអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ក្នុងការកែប្រែបរិស្ថានដើមនៅតំបន់ព្រំដែន។
សកម្មភាពបង្ករឿងម្តងហើយម្តងទៀតពីសំណាក់ភាគីថៃ ត្រូវបានកម្ពុជាចាត់ទុកថាជាការបំផ្លាញទំនុកចិត្ត ផ្ទុយពីគោលការណ៍ភាពជាអ្នកជិតខាងល្អ និងសេចក្តីប្រកាសរួមនាពេលកន្លងមក។ ហេតុដូច្នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពគ្មានការអនុញ្ញាតនៅលើទីតាំងបេតិកភណ្ឌកម្ពុជា ព្រមទាំងទាមទារឱ្យប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណដែលបានយកចេញពីប្រាសាទរបស់ខ្មែរ ហើយត្រូវគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឱ្យបានពេញលេញ។ ទន្ទឹមនឹងនេះ កម្ពុជាបានជំរុញឱ្យថៃរៀបចំការងាររបស់គណៈកម្មការចម្រុះព្រំដែន (JBC) ឡើងវិញ ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕ ទួន សុផល



