សម្ដេចតេជោ ហ៊ុន សែន ត្រៀមពិភាក្សាជាមួយប្រធានាធិបតីបារាំង ក្នុងឱកាសកម្ពុជាធ្វើម្ចាស់ផ្ទះជំនួបកំពូលហ្រ្វង់កូហ្វូនី
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ជាស្រេច ក្នុងជំនួប ពិភាក្សាការងារជាប្រវត្តិសាស្ត្រជាមួយឯកឧត្តម អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នាពេលខាងមុខ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie)។ការបញ្ជាក់នេះបានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោអនុញ្ញាតឱ្យជូនឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
ក្រោយជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម អូលីវែរ រីឆាត ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា ជំនួបពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន ក្នុងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានជម្រាបជូនសម្ដេចតេជោ និងពិភាក្សាអំពីការត្រៀមរៀបចំនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតបារាំងអំពីការត្រៀមលក្ខណៈនៅក្នុងការជួបពិភាក្សារវាងសម្ដេច ជាមួយនឹងឯកឧត្តមប្រធានាធិបតីបារាំងនាពេលខាងមុខ។សម្ដេចក៏ត្រៀមនៅក្នុងការជជែកទៅលើចំណុចសំខាន់ៗទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។
សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងពីបំណងចង់បន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទៅលើវិស័យសុខាភិបាល និងអាកាសចរស៊ីវិលបន្ថែមទៀត។សម្ដេចតេជោ ហ៊ុន សែន បានពេញចិត្តនៅក្នុងការពង្រឹងនូវកិច្ចការនេះជាមួយនឹងបារាំង ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរនៅក្នុងវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា ៕
ដោយ៖វណ្ណលុក


