លោក Putin អញ្ជើញលោក Zelensky ឱ្យមកចរចាបញ្ចប់សង្គ្រាមដោយផ្ទាល់នៅ រុស្ស៊ី ដោយសន្យាធានាសុវត្ថិភាពខ្ពស់
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រកាសអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឱ្យមកចរចាបញ្ចប់សង្គ្រាមនៅក្នុងរដ្ឋធានីមូស្គូដោយផ្ទាល់ ជាមួយនឹងការសន្យាធានាសុវត្ថិភាពខ្ពស់ និងលក្ខខណ្ឌចាំបាច់ទាំងអស់ ។ នេះបើតាមការអះអាងរបស់លោក Yuri Ushakov ជំនួយការផ្ទាល់របស់លោក Putin កាលពីថ្ងៃអង្គារ ។
យោងតាម Anadolu, ការអញ្ជើញនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី Putin បាននិយាយទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីន័រវែស Jonas Gahr Store និងលោកប្រធានាធិបតីហ្វាំងឡង់ Alexander Stubb កាលពីពេលថ្មីៗនេះ ។
ការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងបីនេះត្រូវបានរាយការណ៍ថា ផ្តោតជាចម្បងលើកិច្ចព្រមព្រៀងស្តារកិច្ចចរចាត្រីភាគីឡើងវិញ រវាងតំណាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក នៅរដ្ឋធានី Abu Dhabi របសប្រទេសអារ៉ាប់រួម ។
ការសន្ទនាតាមទូរស័ព្ទមានរយៈពេល ៩០នាទីនេះទៀតសោត មេដឹកនាំន័រវែស និងហ្វាំងឡង់ ក៏បានទម្លាយប្រាប់ប្រមុខវិមានក្រឹមឡាំងថា លោកប្រធានាធិបតី Zelensky ក៏មានបំណងចង់ជួបពិភាក្សាបញ្ចប់សង្គ្រាមដោយផ្ទាល់ជាមួយលោកប្រធានាធិបតី Putin ផងដែរ ។
ជាការឆ្លើយតប កាសែតរដ្ឋរុស្ស៊ី TASS បានដកស្រង់សម្តីលោក Ushakov ថា មេដឹកនាំរបស់រុស្ស៊ីបញ្ជាក់ជាថ្មីថា ប្រសិនបើលោក Zelensky ពិតជាចង់ធ្វើការចរចាបញ្ចប់សង្គ្រាមដោយផ្ទាល់មែន លោកគួរតែធ្វើដំណើរមកកាន់រដ្ឋធានីមូស្គូ ដោយរុស្ស៊ីសន្យាធានាសុវត្ថិភាពខ្ពស់ និងលក្ខខណ្ឌចាំបាច់ទាំងអស់ ។
កន្លងមក លោក Zelensky ក៏ធ្លាប់បានប្រកាសអញ្ជើញលោក Putin មកចរចាបញ្ចប់សង្គ្រាមដោយផ្ទាល់ផងដែរ ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅក្នុងខែធ្នូ ខាងមុខ ប៉ុន្តែត្រូវបានលោក Putin បដិសេធ ។
មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការលើកទ័ពទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូចូលទៅវាយលុកទីក្រុងកៀវ កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពុំទាន់មានសញ្ញាជិតរលត់ទៅវិញ ឬក៏លទ្ធផលឈ្នះចាញ់នៅឡើយទេ ។
សង្គ្រាមខ្នាតធំដែលអូសបន្លាយចូលដល់ឆ្នាំទី៥នេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
