អង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បញ្ជាក់ជំហរបន្តសហការគ្នាជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានបញ្ជាក់ថា អង្គការ FAO នឹងបន្តកិច្ចសហការជាមួយក្រសួងសុខាភិបាលយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ ការបញ្ជាក់របស់លោកស្រី Rebekah Bell ធ្វើឡើងក្នុងឱកាសនៃការចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។

លោកស្រីតំណាងអង្គការ FAO បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដែលតែងតែផ្តល់អាទិភាពខ្ពស់លើកិច្ចសហការអន្តរវិស័យ ជាពិសេសការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» (One Health)។ លោកស្រីបានជម្រាបជូនពីគម្រោងនៃកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO ដែលពាក់ព័ន្ធនិងវិស័យសុខាភិបាល។

ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ FAO ក្រោមការដឹកនាំរបស់ លោកស្រី Rebekah Bell ក្នុងអំឡុងអាណត្តិ ២០២២–២០២៦ បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងជោគជ័យនៃបេសកកម្ម របស់លោកស្រីតំណាងក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គការ FAO បន្តសហការរៀបចំសារអប់រំលើការបរិភោគអាហារត្រឹមត្រូវ ដើម្បីផ្លាស់ប្តូរឥរិយាបថប្រចាំថ្ងៃ ព្រមទាំងស្វាគមន៍រាល់គំនិតផ្តួចផ្តើមសិក្សាស្រាវជ្រាវថ្មីៗ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជាផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា៕

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner