ទឹកចិត្តសប្បុរសធម៌របស់កម្ពុជាល្បីខ្ចរខ្ចាយជាថ្មីលើពិភពលោក តាមរយៈការជួយទំនុកបម្រុងអ្នកទេសចរនៃនាវាកម្សាន្ត Odyssey
ទឹកចិត្តសប្បុរសធម៌របស់ប្រទេសកម្ពុជាបានល្បីខ្ចរខ្ចាយជាថ្មីលើពិភពលោក តាមរយៈការជួយទំនុកបម្រុងដល់អ្នកទេសចរបរទេសនៃនាវាកម្សាន្ត Odyssey ដែលត្រូវបានម្ចាស់នាវាដឹកមកទុកចោលនៅខេត្តព្រះសីហនុ ដោយសារអស់លទ្ធភាពចំណាយលើថ្លៃប្រេងឥន្ទនៈ។
អ្នកដំណើរអន្តរជាតិ ២០៣ នាក់នៃនាវាទេសចរណ៍ «Odyssey» ដែលត្រូវបានម្ចាស់កប៉ាល់បោះបង់ចោលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសារអស់លទ្ធភាពទ្រទ្រង់ថ្លៃចំណាយលើប្រេងឥន្ទនៈ ត្រូវបានអាជ្ញាធរកម្ពុជាយកចិត្តទុកដាក់មើលថែទាំ និងផ្តល់ការគាំទ្រចាំបាច់ផ្សេងៗ។
ក្រៅពីការជួយសម្រួលកន្លែងស្នាក់នៅ និងការហូបចុក រាជរដ្ឋាភិបាលបានផ្តល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរបរទេសទាំងនេះ ដើម្បីអនុញ្ញាតឲ្យពួកគេបន្តដំណើរកម្សាន្តនៅកម្ពុជា ទម្រាំអាចចាកចេញត្រឡប់ទៅមាតុប្រទេសវិញ។
រឿងរ៉ាវនៃការជាប់គាំងរបស់អ្នកទេសចរអភ័ព្វទាំងនេះ ដែលភាគច្រើនជាជនជាតិអាមេរិកកាំង ត្រូវបានសារព័ត៌មានអន្តរជាតិធំៗ និងបណ្តាញសង្គម ចុះផ្សាយយ៉ាងព្រោងព្រាត ដូចជា Associated Press, Reuters, AFP, The Guardian, Bloomberg និង Channel News Asia ជាដើម។
ទឹកចិត្តសប្បុរស និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជាក្នុងនាមជា «ប្រទេសតូច តែបេះដូងធំ» ទួលបានការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវទេសចរ ក៏ដូចជាក្រុមការងាររបស់នាវា។ អ្នកដំណើរជាច្រើនបានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងជួយជ្រោមជ្រែងយ៉ាងលឿនរហ័សដល់ពួកគាត់។ សកម្មភាពមនុស្សធម៌ទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងរូបភាពវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះមិនត្រឹមតែបានបង្ហាញពីបេះដូងទូលំទូលាយរបស់កម្ពុជាក្នុងការជួយសង្គ្រោះអ្នកជួបបញ្ហានៅលើទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំដ៏ល្អឥតខ្ចោះពីសំណាក់អ្នកដំណើរអន្តរជាតិចំពោះប្រទេសកម្ពុជា ដែលពោរពេញដោយទឹកចិត្តមេត្តាធម៌។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហួត ហាក់ ដែលបានអញ្ជើញទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខអ្នកទេសចរទាំងនោះដោយផ្ទាល់ បានលើកឡើងថា ភ្ញៀវទេសចរអន្តរជាតិមិនត្រឹមតែជាអ្នកមកទស្សនាកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភក្តិដែលត្រូវទទួលបានការគោរព ការយកចិត្តទុកដាក់ និងភាពកក់ក្តៅ ជាពិសេសនៅពេលដែលពួកគេជួបប្រទះការលំបាក។
ការយកចិត្តទុកដាក់របស់កម្ពុជាចំពោះនាវា Odyssey នាពេលនេះ បានរំលេចឡើងវិញនូវកេរដំណែលមនុស្សធម៌ដ៏មានតម្លៃរបស់កម្ពុជា ដែលពិភពលោកបានចងចាំកាលពីខែកុម្ភៈ ឆ្នាំ២០២០ គឺពេលដែលកម្ពុជាអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam ចូលចត បន្ទាប់ពីត្រូវបានបដិសេធមិនឱ្យចូលចតនៅគោលដៅមួយចំនួន ដោយសារការព្រួយបារម្ភអំពីជំងឺកូវីដ-១៩។
សកម្មភាពទាំងនេះបានរួមចំណែកពង្រឹងកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ស្របតាមស្មារតី «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»៕



