រូបសំណាកបង្កងទឹកសាបខេត្តតាកែវ ត្រៀមស្វាគមន៍ភ្ញៀវទេសចរនៅ​​ថ្ងៃអុំទូក​​ចុងសប្តាហ៍នេះ

រូបសំណាកបង្កងទឹកសាបខេត្តតាកែវបាញ់ទឹក ស្ថិតក្នុងតំបន់​មាត់បឹងតាកែវ ត្រូវបាន​​សាងសង់រួចរាល់ហើយកាលពីថ្ងៃទី២៩ ខែតុ​លា ឆ្នាំ២០២៦ ហើយក៏ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលថតរូបអនុស្សាវរីយ៍នៅថ្ងៃសុក្រនេះ។​
 
រូបសំណាកបង្កងនេះមានបណ្តោយប្រវែង ៦ម៉ែត្រ, ទទឹងប្រវែង ២,៥ម៉ែត្រ , ដង្កៀបប្រវែង ៤,៥ម៉ែត្រ។​
 
សមិទ្ធិផលនេះបានលេចចេញរូបរាងជាផ្លូវការ ចំពេលដែលរដ្ឋបាលខេត្តគ្រោងរៀបចំពិធីប្រណាំងទូក​ ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។​​
 
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានប្រាប់បណ្តាញព័ត៌មាន AMS ថា រូបសំណាកបង្កងទឹកសាបនេះ មានការបាញ់ទឹកចម្ងាយ ១០ម៉ែត្រ ដូចនឹង​រូបសំណាកសេះសមុទ្រ​ក្នុងខេត្តកំពតផងដែរ។ 
 
លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានប្រាប់ថា  រូបសំណាកបង្កងនេះ គឺបង្ហាញពីអត្តសញ្ញាណផលិតផលជលផល និងម្ហូបអាហារប្រចាំតំបន់ដ៏ទាក់ទាញរបស់ខេត្តតាកែវ។ 
 
បង្កងធម្មជាតិខេត្តតាកែវមានរសជាតិឆ្ងាញ់ មានសាច់ណែន ទន់ផ្អែម និងក្លិនឈ្ងុយ ជាពិសេសនៅពេលចម្អិនស្រស់ៗ។​ វាក៏ជាផលិតផលជលផលដែលភ្ជាប់នឹងធនធានធម្មជាតិ និងជីវភាពប្រជានេសាទក្នុងតំបន់ផងដែរ។​
 
ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខេត្តតាកែវ​បានផ្គត់ផ្គង់បង្កងទៅទីផ្សារជាង៣០តោន ខណៈ​ក្នុងមួយឆ្នាំខេត្តអាចមានលទ្ធភាពផ្គត់ផ្គង់ចន្លោះពី៧០តោន ទៅ៨០តោន។​
 
យោងតាមឯកឧត្តម វ៉ី សំណាង នៅថ្ងៃខាងមុខ រដ្ឋបាលខេត្តតាកែវក៏មានគម្រោងសាងសង់រូបសំណាក ដែលជានិមិត្តរូប និងសក្តានុពលខេត្ត ក៏ដូចជាវប្បធម៌ប្រវត្តិសាស្ត្រជាច្រើនផ្សេងទៀតផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់៕

សៅ សុខអេង

ads banner