អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ពង្រឹងដៃគូផ្នែកសន្តិសុខ បារម្ភថា រុស្ស៊ី-កូរ៉េខាងជើង កាន់តែល្អូកល្អើន
សេអ៊ូល ៖ អាល្លឺម៉ង់ និងកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការពង្រឹងភាពជាដៃគូផ្នែកសន្តិសុខ ដោយលើកឡើងថា កិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើង រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បង្ហាញថា សន្តិសុខនៅអឺរ៉ុប និងអាស៊ី កាន់តែមានទំនាក់ទំនងផ្សារភ្ជាប់គ្នាទៅវិញទៅមក។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងសេអ៊ូល រដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។
លោកបានបន្ថែមថា ភាគីទាំងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការការពារព័ត៌មានយោធាដែលមានលក្ខណៈសម្ងាត់។
លោក Lee បានថ្លែងថា «ក្រុមហ៊ុនការពារជាតិរបស់កូរ៉េ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្កើតភាពជាដៃគូយូរអង្វែងជាមួយអាល្លឺម៉ង់ រួមទាំងការបង្កើតសហគ្រាសរួម ឬ joint ventures និងគម្រោងអភិវឌ្ឍន៍រួមគ្នាផ្សេងៗទៀត»។
លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ ដែលធ្វើទស្សនកិច្ចនៅសេអ៊ូល បានលើកឡើងថា ការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅចូលរួមប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន បង្ហាញឱ្យឃើញថា ជម្លោះនានានៅពេលបច្ចុប្បន្ន មិនមែនមានកម្រិតត្រឹមតែនៅក្នុងតំបន់ណាមួយនោះទេ។
លោក Merz បន្ថែមថា «ពិភពលោកពិតជាបានក្លាយទៅជាតូចចង្អៀត សូម្បីតែនៅក្នុងគ្រាដែលមានសង្គ្រាមក៏ដោយ»។
បើតាម reuters, សេចក្តីប្រកាសនេះធ្វើឡើងក្នុងពេលដែលរដ្ឋាភិបាលលោកខាងលិចបានព្រមានថា កិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានកាន់តែស៊ីជម្រៅចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ស្ថានភាពនេះបានបង្កឱ្យមានក្តីបារម្ភថា កូរ៉េខាងជើងអាចនឹងទទួលបានបច្ចេកវិទ្យាយោធាជឿនលឿន ជាថ្នូរនឹងការផ្តល់ការគាំទ្ររបស់ខ្លួន។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០២៤ មក កូរ៉េខាងជើងបានបញ្ជូនកងទ័ពជាង ១០.០០០ នាក់ ទៅចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ព្រមទាំងបានបញ្ជូនអាវុធដើម្បីបំពេញបន្ថែមឃ្លាំងអាវុធរបស់រុស្ស៊ីដែលកំពុងថយចុះ ខណៈដែលកូរ៉េខាងជើងផ្ទាល់ក៏ទទួលបានបទពិសោធន៍ដ៏មានតម្លៃពីសមរភូមិផងដែរ៕
ប្រភព ៖ reuters, ប្រែសម្រួល ៖ សារ៉ាត
