វៀតណាមប្រកាសបញ្ចុះថ្លៃភ្លើង និងលុបពន្ធប្រេងសាំង ចាប់ពីថ្ងៃនេះ
ហាណូយ ៖ រដ្ឋាភិបាលវៀតណាមបានប្រកាស កាលពីថ្ងៃសៅរ៍ថា ខ្លួនសម្រេចកាត់បន្ថយថ្លៃអគ្គិសនីលក់រាយជាមធ្យមចំនួន ២ ភាគរយ និងលុបចោលពន្ធពិសេសលើការប្រើប្រាស់ប្រេងសាំង ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ តទៅ។
រដ្ឋាភិបាលប្រកាសថា វិធានការនេះធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ច និងកាត់បន្ថយបន្ទុកចំណាយសម្រាប់គ្រួសារ និងអាជីវកម្មនានា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ, រដ្ឋាភិបាលបានបញ្ជាក់ថា តម្លៃអគ្គិសនីលក់រាយជាមធ្យមនឹងធ្លាក់ចុះមកនៅត្រឹម ២.១៥៩,៩ ដុង (ស្មើនឹង ០,០៨៥ ដុល្លារអាមេរិក) ក្នុងមួយគីឡូវ៉ាត់ម៉ោង (មិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែមនោះទេ)។
សម្រាប់ពន្ធពិសេសលើការប្រើប្រាស់ប្រេងសាំង នឹងត្រូវកាត់បន្ថយមកនៅត្រឹមសូន្យ (ពីអត្រាពីមុន គឺចន្លោះពី ៧ ភាគរយ ទៅ ១០ ភាគរយ) ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា រហូតដល់ដំណាច់ខែមីនា ឆ្នាំក្រោយ។
រដ្ឋាភិបាលបានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺដើម្បីជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងគាំទ្រដល់សុខុមាលភាពសង្គម និងសកម្មភាពអាជីវកម្ម។
បើតាម CNA, ការសម្រេចនេះធ្វើឡើង ខណៈដែលវៀតណាមបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចឱ្យបានលើសពី ១០ ភាគរយនៅឆ្នាំនេះ ដោយកំណើននៅក្នុងត្រីមាសទី ៤ ត្រូវតែខ្ពស់ជាង ១២,៥ ភាគរយ ទើបអាចសម្រេចបានតាមគោលដៅដែលបានកំណត់នោះ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត