ជប៉ុន ពិចារណាបង្កើនកញ្ចប់ថវិកាការពារជាតិជាង ៥០០ ពាន់លានដុល្លារ ក្នុងពេល ៥ ឆ្នាំ
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន និងគណបក្សចម្រុះកាន់អំណាច កំពុងពិចារណាបង្កើនកញ្ចប់ថវិកាការពារជាតិជិតទ្វេដង ពោលគឺជាង ៥០០ ពាន់លានដុល្លារ ក្នុងពេល ៥ ឆ្នាំខាងមុខ ដើម្បីពង្រឹងសមត្ថភាពយោធា ស្របតាមគោលនយោបាយរបស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi ។ នេះបើតាម Japan Times ចេញផ្សាយកាលពីថ្ងៃ ចន្ទ ។
ប្រភពពីមន្ត្រីពីររូបដែលដឹងពីបញ្ហានេះ បានបង្ហើបថា ប្រសិនបើផែនការនេះត្រូវបានអនុម័ត ជប៉ុននឹងបង្កើនកញ្ចប់ថវិកាសម្រាប់ការកសាង និងពង្រឹងសមត្ថភាពការពារជាតិចាប់ពី ៤៥៧ ទៅ ៥០៨ ពាន់លានដុល្លារ ក្នុងពេល ៥ ឆ្នាំ ដោយគិតចាប់ពីខែមេសា ឆ្នាំ២០២៧ ។
កញ្ចប់ថវិកានេះ បានកើនឡើងប្រហែល ១,៨ ដង បើធៀបនឹងកញ្ចប់ថវិកាទំហំ ២៧២ ពាន់លានដុល្លារ ដែលបានកំណត់ក្នុងផែនការការពារជាតិរយៈពេល ៥ ឆ្នាំបច្ចុប្បន្ន ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំសារពើពន្ធ ២០២៣ ។
ប្រភពមួយបានឱ្យដឹងថា កញ្ចប់ថវិកាដែលគ្រោងបង្កើននេះ ត្រូវបានរំពឹងថា នឹងប្រើប្រាស់សម្រាប់ការបញ្ជាទិញសម្ភារៈយោធា រួមទាំងយន្តហោះដ្រូនក្នុងចំនួនដ៏ច្រើន ។
បើតាម Japan Times, ក្រោមកម្មវិធីពង្រឹងសមត្ថភាពការពារជាតិបច្ចុប្បន្ន ដែលបង្កើតឡើងនៅចុងឆ្នាំ ២០២២ ប្រទេសជប៉ុនបានបង្កើនផែនការចំណាយលើវិស័យការពារជាតិពី ១៧៤ ពាន់លានដុល្លារ ដល់ប្រមាណ ២៧២ ពាន់លានដុល្លារ សម្រាប់រយៈពេល ៥ ឆ្នាំ ។
ផែនការនោះ បានផ្តោតសំខាន់លើការអភិវឌ្ឍ និងទិញមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពវាយប្រហារតបត ព្រមទាំងការបង្កើនស្តុកគ្រាប់រំសេវ និងគ្រឿងបន្លាស់សម្រាប់សម្ភារៈយោធា ៕
ប្រភព ៖ Japan Times ប្រែសម្រួល ៖ ឈឹម ទីណា

