រដ្ឋមន្រ្តីសេដ្ឋកិច្ចប្រាប់ភ្នាក់ងារ IMF ពីកត្តាប្រឈម ដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដឹកនាំដោយលោក Kenichiro Kashiwase បានជួបពិភាក្សាការងារជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងអំពីការវាយតម្លៃឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនក្នុងអត្រាប្រមាណ ៤% ក្នុងឆ្នាំ២០២៦ និង ៤.៨% ក្នុងឆ្នាំ២០២៧ ដែលជាកំណើនមួយទាបជាងការវាយតម្លៃកាលពីមុន ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។
ឯកឧត្តមបានគូសរំលេចថា កំណើនទាបនេះ គឺដោយសារការទទួលរងផលប៉ះពាល់ក្នុងទំហំធំជាងការប៉ាន់ស្មានទុក ពីបញ្ហាផ្ទួនៗគ្នា ក្នុងនោះមានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការកើនឡើងថ្លៃប្រេងឥន្ធនៈ ការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ។ បញ្ហាទាំងនេះបានទាញទម្លាក់កំណើនវិស័យសំខាន់ៗមួយចំនួន ពិសេសវិស័យកសិកម្ម សំណង់-អចលនទ្រព្យ និងទេសចរណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត។
ទន្ទឹមគ្នានេះ វិស័យកសិកម្ម ក៏ទទួលរងផលប៉ះពាល់ថែមមួយកម្រិតទៀតពីឥទ្ធិពល El Niño ពិសេសលើផ្ទៃដីបង្កបង្កើនផល ដែលនឹងជះឥទ្ធិពលជាអវិជ្ជមានមកលើសមត្ថភាពផលិតកម្ម។ ទោះបីជាយ៉ាងណា វិស័យបម្រើការនាំចេញ តួយ៉ាងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ រំពឹងថានឹងនៅបន្តរក្សាបានកំណើនល្អ ដែលបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៧ ជារួម។
ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ មានជាអាទិ៍ យន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយផ្សេងៗ សំដៅចូលរួមកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។
លោក Kenichiro Kashiwase បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចសកល ដែលបន្ដមានភាពធន់ក្នុងស្ថានភាពមិនប្រាកដប្រជា និងការកើនឡើងអតិផរណាជាសកល ព្រមទាំងកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅរក្សាបានភាពធន់ គាំទ្រដោយវិស័យនាំចេញ។
លោក Kenichiro បានលើកឡើងអំពីសារៈសំខាន់នៃសុចរិតភាពនៃវិស័យហិរញ្ញវត្ថុ និងការប្តេជ្ញារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយបច្ចេកទេសលើការងារសំខាន់ៗ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ ជំនួយទាំងនេះនឹងផ្តោតទៅលើការកៀរគរចំណូល យុទ្ធសាស្ត្របែងចែក និងគ្រប់គ្រងចំណាយរយៈពេលមធ្យម ក៏ដូចជាការគ្រប់គ្រងទ្រព្យនិម្មិត និងការងារសំខាន់ៗផ្សេងទៀត ដែលនឹងរួមចំណែកក្នុងការពង្រឹងសមត្ថភាពធនធានមនុស្សលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន៕
ខន ណារី AMS


