កាសែត Wall Street Journal ៖ អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ កាសែត Wall Street Journal បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទី២ ខែវិច្ឆិកា សហរដ្ឋអាមេរិកបានវាយប្រហារលើកោះ Qeshm របស់អ៊ីរ៉ង់។ ហេតុការណ៍នេះកើតឡើងក្នុងពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីវឌ្ឍនភាពនៃការចរចាជាមួយទីក្រុងតេហេរ៉ង់ ដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេល ៨ ខែមកហើយនោះ។
ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ, កាសែត Wall Street Journal បានពណ៌នាការវាយប្រហារលើកោះ Qeshm ដែលជាកោះធំជាងគេនៅក្នុងច្រកសមុទ្រ Hormuz ថា ជាសកម្មភាពចុងក្រោយបំផុត ក្នុងចំណោមការវាយប្រហារកម្រិតតូចជាច្រើនលើក ដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើឡើងដោយសម្ងាត់ប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា មានសំឡេងផ្ទុះចំនួន ៥ លើកបានកើតឡើងជាបន្តបន្ទាប់ នៅលើកោះនេះ ហើយអ្នកស្រុកមួយចំនួនបានរាយការណ៍ថា បានឃើញយន្តហោះចំនួន ២ គ្រឿងហោះហើរនៅលើផ្ទៃមេឃនៅទីនោះ។
ក្រសួងការពារជាតិអាមេរិក បានបញ្ជូនសំណួរពាក់ព័ន្ធនឹងការវាយប្រហារទាំងនេះ ទៅកាន់បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក ប៉ុន្តែ ស្ថាប័ននេះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃចន្ទនោះទេ។
កាសែតនេះបានឱ្យដឹងថា មន្ត្រីមួយចំនួនបានពណ៌នាការវាយប្រហារទាំងនោះថា ជាសកម្មភាពការពារខ្លួន ដើម្បីទប់ស្កាត់កុំឱ្យអ៊ីរ៉ង់មានសេរីភាពក្នុងការវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ ហើយត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅចុងខែកុម្ភៈ។
កាសែតដដែលនេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានប្រកាសជាសាធារណៈអំពីការវាយប្រហារទាំងនេះទេ ដើម្បីកុំឱ្យមានការយល់ច្រឡំថា អាមេរិកមានបំណងចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំឡើងវិញ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត